ឆ្នាំ2021 តើពិភពលោកគួរលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារដោយរបៀបណា?
WEForum ៖ ឆ្នាំ 2021 ត្រូវបានកំណត់ជាឆ្នាំជោគជ័យលើការងារលុបបំបាត់ការងារកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ប៉ុន្តែអ្នកជំនាញបារម្ភថា ដោយសារបញ្ហាកូវីដ-19 នឹងអាចឱ្យដំណើរការនេះដើរថយក្រោយ ទោះបីមានសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលសមាជិក 193 ប្រទេសកំពុងចូលរួមបញ្ឈប់ការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារយ៉ាងណាក្តី។ ទន្ទឹមគ្នានេះគេដឹងថា ចំនួនកម្លាំងពលកម្មលើកុមារនៅទូទាំងពិភពលោកបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ប៉ុន្តែរហូតដល់បច្ចុប្បន្នមានកុមារប្រមាណជា 152 លាននាក់កំពុងបង្ខំឱ្យធ្វើការងារនៅឡើយ។
អ្នកជំនាញលើកិច្ចការនេះ បានមើលឃើញថា ឥទ្ធិពលកូវីដ-19 កុមារអាចប្រឈមមុខទៅនឹងពេលវេលាធ្វើការច្រើនម៉ោងជាងមុន ហើយកុមារខ្លះទៀតអាចនឹងបង្ខំឱ្យធ្វើការដោយគ្រួសារផ្ទាល់តែម្តង ខណៈជីវភាពគ្រួសារកំពុងជួយបញ្ហាសេដ្ឋកិច្ចខ្លាំង។ តើពិភពលោកលុបបំបាត់អំពើកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារដោយរបៀបណា?
លោក Jo Becker ប្រធានផ្នែកតស៊ូមតិសិទ្ធិកុមាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជម្រើសល្អបំផុត រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវសម្រេចចិត្តដោះស្រាយបញ្ហាលុបបំបាត់កម្លាំងពលកម្មលើកុមារឱ្យបាន ពេលនោះលទ្ធផលនឹងបង្ហាញឱ្យឃើញក្នុងរយៈពេលខ្លី ឬត្រូវការពេលវេលាបន្ថែមយូរជាងនេះ ដើម្បីទទួលបានជោគជ័យ។
លោក Cornelius Williams អនុប្រធានទទួលបន្ទុកផ្នែកការពារកុមាររបស់យូនីសេហ្វ បានលើកឡើងដែរថា កូវីដ-19 មិនត្រឹមតែប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចជាសកលនោះទេ បន្ថែមធ្វើឱ្យកុមារកាន់តែងាយរងគ្រោះបំផុត។ “ការកេងប្រវ័ញ្ចក្នុងពេលមានជំងឺរាតត្បាត រួមទាំងការបង្ខំឱ្យធ្វើពលកម្មលើកុមារ គឺនឹងមានអត្រាកើនឡើងជាមិនខាន”។
លោក Victor Sande-Aneirso ជាអ្នកនិពន្ធ និងនិពន្ធនាយកនៃបណ្តាញសិទ្ធិកុមារអន្តរជាតិ (CRIN) បាននិយាយថា អ្វីដែលយើងតែងតែចង់ឃើញនោះ គឺរាល់ការងារបង្ខំកុមារដោយរូបភាពកេងប្រវ័ញ្ចកម្លាំងពលកម្មដោយគ្រោះថ្នាក់ នឹងត្រូវបញ្ចប់ដោយមនុស្សនៅគ្រប់វ័យ។
ចំណែងអ្នកស្រី Alison Sutton ប្រធានទទួលបន្ទុកកិច្ចគាំពារកុមាររបស់អង្គការ Save the Children មានប្រសាសន៍ថា “បើយើងចង់ឃើញលទ្ធផលទទួលបានជោគជ័យតាមផែនការ ពួកយើងពិតជាត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីពីសំណាក់សហគមន៍របស់កុមារ អាណាព្យាបាលរបស់កុមារ ការចូលរួមដោះស្រាយបញ្ហាពីមេដឹកនាំ ព្រមទាំងនយោជក… ពីព្រោះថាក្រុមមនុស្សទាំងនេះសុទ្ធតែជាតួអង្គសំខាន់សម្រាប់ការងារការពារកម្លាំងពលកម្មលើកុមារ”។
គួរបញ្ជាក់ថា កន្លងទៅអង្គការពលកម្មអន្តរជាតិ (ILO) បានបង្ហាញតួលេខថា ចំនួនកម្លាំងពលកម្មនៅទូទាំងពិភពលោកបានធ្លាក់ចុះនៅទូទាំងពិភពលោកពី 246 លាននាក់កាលពីឆ្នាំ 2000 មកត្រឹមតែ 152 លាននាក់ប៉ុណ្ណោះ។ ប៉ុន្តែ ILO ក៏បានព្រមានដែរថា កូវីដ-19 អាចជាឧបសគ្គថ្មីក្នុងផែនការលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ដែលបានអនុវត្តជាងពីរទសវត្សកន្លងទៅ និងផែនការពិភពលោកបញ្ចប់រូបភាពរំលោភបំពានលើកម្លាំងពលកម្មកុមារឱ្យស្មើសូន្យ ត្រឹមឆ្នាំ 2025 ខាងមុខ៕