ការប្រកួតកីឡាវាយសីជើងឯកថ្នាក់ ឆ្នាំ២០២០នេះ ក្លឹបខេត្តសៀមរាប និងក្លឹបព្រះសីហនុ លេចធ្លោជាងគេ
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍អប្សរាថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ដំណើរការចាប់ពីថ្ងៃទី១៦ដល់១៨ ខែមករា ឆ្នាំ២០២១ កីឡាករ កីឡាការិនីចូលរួមប្រកួតមានការអភិវឌ្ឍសមត្ថភាពរីកចំរើនខ្លាំងជាងបណ្តាឆ្នាំមុន ទាំងគុណភាព និងបច្ចេកទេស ។
ឯកឧត្តម អះអាងទៀតថា ការកើនឡើងសិទ្ធផលរបស់កីឡាករ កីឡាការិនីទាំងអស់ តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សហព័ន្ធរំពឹងទុកថា នឹងជ្រើសរើសបានអត្តពលិកឆ្នើមជាច្រើនរូប ដើម្បីហ្វឹកហាត់បំប៉នត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។
អគ្គលេខាធិការ ខាងលើ បញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិបចូលរួមចំនួន១៥ ក្នុងនោះ ក្លិបកីឡាវាយសីមកពីបណ្តាខេត្តបង្ហាញភាពលេចធ្លោខ្លាំងជាងគេ បន្ទាប់ពីក្រុមជម្រើសជាតិ គឺក្លិបកីឡាវាយ ខេត្តសៀមរាប និងក្លិបកីឡាវាយសី ខេត្តព្រះសីហនុ។
ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា កីឡាករកីឡាការិនីដែលសហព័ន្ធចម្រាញ់ពីការប្រកួតឆ្នាំនេះ មានពី៦ទៅ៧រូប ក្នុងនោះសហព័ន្ធ មានផែនការបញ្ជូនទៅហ្វឹកហាត់បំប៉ន នៅប្រទេសចិន ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៨នេះ លទ្ធផល នៃការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គឺបានបញ្ចប់៣វិញ្ញាសាមួយចំនួនហើយ ក្នុងនោះ វិញ្ញាសាវាយទោលនារីក្រោមអាយុ១៨ លេខ១ បានទៅលើកីឡាករិនី សុខ សុមាលីតា មកពីក្លិបកីឡាវាយសី ការពារអាកាស លេខ២បានទៅលើកីឡាការិនី ហែម សក្ខិណា សម្ព័នកីឡាវាយសីខេត្តព្រះសីហនុ និងលេខ៣ធ បានទៅលើកីឡាការិនី ហៀង សក្ខិណា សម្ព័ន្ធកីឡាវាយសីខេត្តកំពង់ឆ្នាំង ។
វិញ្ញាសាវាយទោលបុរសអាយុក្រោម១៥ ឆ្នាំ លេខ១ បានទៅលើកីឡាករ ឡាវ ជា ក្លិបសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប លេខ២ បានទៅលើកីឡាករ សន លីហ្សា សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងលេខ៣ បានទៅលើកីឡាករ ណៅ គនសុខភារៈ មកពីក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ ។
វិញ្ញាសា វាយគូរនារីអាយុក្រោម១៩ឆ្នាំ លេខ១ បានទៅលើកីឡាការិនី ភន់ ចិន្ថា និងកីឡាការិនី ជិន ស៊ីណាត ក្លិបសម្ព័ន្ធកីឡាវាយសីខេត្តកំពង់ឆ្នាំង ,លេខ២ បានទៅលើកីឡាការិនី សុខ ច័ន្ទបញ្ញា និងកីឡាការិនី គឹម ចន្រ្តា កីឡាវាយសីការពារអាកាស ,លេខ៣ ធ បានទៅលើកីឡាការិនី ប៊ុន ស្រីហ៊ីង និង លឹម គឹមហួយ ៕