ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។
សំណើខាងលើនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្នើតាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្ដម Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌា អាចផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។
ជំនួយការផ្ទាល់របស់សម្តេចតេជោ ឯកឧត្ដម អ៊ាង សុផល្លែត បានបញ្ជាក់នៅក្រោយជំនួបថា ឆ្លៀតឱកាសនោះដែរ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោ បានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកោតសរសើរដល់ប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះផងដែរ ៕ ដោយ វណ្ណលុក