មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ចុះ ផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំងឈរជើងតាមព្រុំដែន
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី ១៨ មករា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ ណែនាំដល់នាយ-ពលទាហាន អំពីសភាពការណ៍ថ្មីៗ និងវិធានការចាំបាច់មួយចំនួន សម្រាប់កម្លាំងត្រៀមអន្តរាគមន៍ផ្នែកខាងក្រោយដែលឈរជើងនៅក្នុងទីតាំង។ សភាពការណ៍ថ្មីទាំងនោះ រួមមាន ត្រូវត្រៀមអន្តរាគមន៍២៤ម៉ោងលើក២៤ម៉ោង, បន្តអនុវត្តន៍ភារកិច្ចតាមកាលវិភាគប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ ដែលបានកំណត់ និងយកចិត្តទុកដាក់ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកំពស់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។
ជាពិសេស ត្រូវអនុវត្តន៍វិធានការ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការពារ រីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ គួរកត់សំគាល់ថា កម្លាំងអន្តរាគមន៍ មួយផ្នែក របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបេសកកម្មប្រតិបត្តិការជួរមុខ ដោយសហការ ជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាល ជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
ទោះបីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឲ្យប្រជាពលរដ្ឋ វិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់តាមច្រកព្រំដែនដែលបានកំណត់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ការពារការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែចាញ់បោកមេខ្យល់ លួចនាំឆ្លងកាត់ចូល ដើម្បីគេចវេសពីការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ដែលកម្លាំងរបស់កងពល សហការជាមួយកម្លាំងចម្រុះ ឃាត់បានជាបន្តបន្ទាប់ផងដែរ៕កឹម ទៀង