វៀតណាមបើកភ្លើងខៀវឲ្យ Foxconn បង្កើតរោងចក្រតម្លៃជិត 300 លានដុល្លារផលិត Laptop និង tablet

បរទេស៖ នៅព្រឹកថ្ងៃចន្ទទី18 ខែមករានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានប្រកាសផ្តល់អជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បី Foxconn Technology Co Ltd ដើម្បីអាចសាងសង់រោងចក្រមួយកន្លែងដែលមានតម្លៃរហូតទៅដល់ 270 លានដុល្លារក្នុងការផលិតនូវកំព្យូទ័រយូរដៃព្រមទាំងថេបប្លេតផង។

គម្រោងរោងចក្រថ្មីនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Fukong Technology ត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្ត Bac Giang ហើយអាចមានសមត្ថភាពក្នុងការផលិតឧបករណ៍ខាងលើនេះដល់ទៅ 8 លានគ្រឿងក្នងមួយឆ្នាំ។

សម្រាប់ Foxconn មកដល់ពេលនេះបានវិនិយោគនៅក្នុងប្រទេសវៀតណាមដល់ទៅ 1.5 ពាន់លានដុល្លាររួចមកហើយ ហើយសម្រាប់ឆ្នាំ2021នេះវិញ Foxconn មានផែនការក្នុងការវិនិយោគបន្ថែមរហូតទៅដល់700 លានដុល្លារ ដែលនឹងផ្តល់ការងារជូនពលរដ្ឋក្នុងស្រុក 10,000 កន្លែងទៀត។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម។

កាលពីសប្តាហ៍មុន Foxconn បានបង្ហាញពីផែនការក្នុងការវិនិយោគប្រាក់ប្រមាណជា 1.3 ពាន់លានដុល្លារផងដែរនៅក្នុងខេត្ត Thanh Hoa ស្ថិតនៅចំងាយប្រមាណជា 160 គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីហានូយ ប្រទេសវៀតណាម។

យោងតាមការអះអាងរបស់ប្រភពដែលគួរឲ្យទុកចិត្តមួយបានបញ្ជាក់ថាការផ្លាស់ប្តូររោងចក្ររបស់ខ្លួនពីចិនទៅកាន់វៀតណាមនេះត្រូវបានធ្វើឡើងតាមការសំណូមពរពីសំណាក់ក្រុមហ៊ុន Apple Inc, ដោយសង្ឃឹមថានឹងអាចកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានកាន់តែតិចដែលបណ្តាលពីភាពតានតឹងរវាងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក និងចិន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner