កម្ពុជា និងហុងគ្រី គ្រោងនឹងរៀបចំកិច្ចប្រជុំដំបូងនៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមប្រពន្ធ័វីដេអូ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃ១៨មករាឆ្នាំ២០២១បានឲ្យដឹងថា យោងតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ភីទើ ហ្ស៊ីយ៉ាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី១៣មិថុនាឆ្នាំ២០១៩ អំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំបង្កើតគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា និងហុងគ្រី ដើម្បីពង្រឹងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនោះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២០និង២១មករាឆ្នាំ២០២១តាមប្រពន្ធ័វីដេអូនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី រឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ស៊ីស្វាន់ ចូ អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិវឌ្ឍការនាំចេញនៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័នពាក់ពន្ធ័នានា ដែលជាសមាជិកគណៈកម្មការចម្រុះនោះផងដែរ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈដែលចុះហត្ថលេខាកន្លងមក និងពិនិត្យតាមដានវឌ្ឍនភាពការងាររវាងភាគីទាំងពីរ។ កិច្ចប្រជុំនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, គម្រោងឥណទាន, កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់, ការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ យុវជន និងកីឡា, វប្បធម៌, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាកាសចរស៊ីវិល។

សូមជម្រាបថា កាលពីថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន ១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។ ៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner