អាមេរិក និងអឺរ៉ុបថ្កោលទោសរុស្សីករណីចាប់មេដឹកនាំបក្សប្រឆាំងលោក Navalny
វ៉ាស៊ីនតោន៖ នៅព្រឹកថ្ងៃចន្ទទី18 ខែមករានេះមេដឹកនាំកំពូលលើពិភពលោកជាច្រើនបូករួមទាំងសហរដ្ឋអាមេរិកផងដែរបានធ្វើការប្រកាសស្នើសុំឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងដ៏ល្បីរបស់រុស្សី គឺលោក Alexei Navalny បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលក្រុងមូស្គូចាប់ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះក្នុងពេលដែលលោកទើបបានធ្វើដំណើរមកពីអាល្លឺម៉ង់។
ការវិលត្រឡប់មកដល់ប្រទេសកំណើតកាលពីថ្ងៃអាទិត្យនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក Navalny បានចំណាយពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៃប្រទេសអាល្លឺម៉ង់តាំងតែពីរដូវក្តៅមុនដោយសារទទួលរងនូវការបំពុលដែលលោកតែងតែចោទប្រកាន់ថារដ្ឋាភិបាលក្រុងមូស្គូគឺជាអ្នកនៅពីក្រោយផែនការនេះ។
ឆ្លើយតបភ្លាមៗទៅនឹងការចាប់ខ្លួននេះផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសថ្កោលទោសរុស្សីផងដែរ ដោយលោកបានបញ្ជាក់ថា ការចាប់ខ្លួនលើកចុងក្រោយនេះអាចជាការប៉ុនប៉ងដដែលៗរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការព្យាយាមធ្វើឲ្យលោក Navalny ស្ងប់ស្ងាត់ និងជាការបំបាក់ស្មារតីចំពោះសម្លេងឯករាជ្យ និងបក្សប្រឆាំងផ្សេងទៀតនៅក្នុងប្រទេសរុស្សី។
គួរឲ្យដឹងដែរថា លោក Navalny ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូក្នុងពេលដែលលោកវិលត្រឡប់ពីអាល្លឺម៉ង់ បើទោះបីជាមានការស្នើសុំពីសំណាក់មេដឹកនាំអឺរ៉ុប និងអាមេរិកជាពិសេសទីប្រឹក្សាថ្មីកិច្ចការងារសន្តិសុខរបស់លោក Joe Biden ប្រធានាធិបតីអាមេរិកអាណត្តិថ្មីក្តី ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការដោះលែងនៅឡើយ។
ក្រៅតែពីអាមេរិក ក្នងនោះមនុស្សសំខាន់ៗដូចជាលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាអឺរ៉ុប ក៏បានប្រកាសថ្កោលទោសចំពោះសកម្មភាពចាប់ខ្លួនលោក Navalny ព្រមទាំងអំពាវនាវឲ្យមានការដោះលែងផងដែរ។
ដោយឡែករដ្ឋមន្ត្រីការបរទេសបារាំងវិញក៏បានលើកឡើងថា ការចាប់ខ្លួននេះ ជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយបារាំង ក៏ដូចជាដៃគូអឺរ៉ុបផ្សេងទៀតចង់ឃើញឲ្យមានការដោះលែងលោក Navalny វិញ ខណៈដែលរដ្ឋមន្ត្រីការបរទេសលីទុយនេស៊ី លោក Gabrielius Landsbergis ឯណោះវិញក៏បានស្នើឲ្យសហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលក្រុងមូស្គូផងដែរចំពោះករណីមួយនេះ៕