ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់​ផ្តើមរឹតបន្តឹង យានយន្តបង្ករសម្លេង​លើស​កម្រិត នឹងកែច្នៃខុសបច្ចេកទេស

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់អនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការលុបបំបាត់ការបង្ករសម្លេងលើសកម្រិតពីយានយន្តគ្រប់ប្រភេទកែច្នៃខុសបច្ចេកទេស ខុសច្បាប់ចរាចរណ៍​ផ្លូវគោក ដើម្បីបង្ការទប់ស្កាត់ការរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ និងការប៉ះពាល់សណ្តាប់ធ្នាប់សង្គម។ បញ្ហាការកែច្នៃបំពុងស៊ីម៉ាំងរថយន្ត រឺម៉ូតូមួយចំនួនខុសបច្ចេកទេស ត្រូវបានជនទំនើងប្រើប្រាស់បង្ករឱ្យប៉ះ​ពាល់អារម្មណ៍ប្រជាពលរដ្ឋកំពុងទទួលដំណេកនៅពេលយប់ បាននាំឱ្យប្រជាពលរដ្ឋលើកឡើងរិះ​គន់តាមបណ្តាញព័ត៌មានសង្គម។ កិច្ចប្រជុំធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការអញ្ជើញចូលរួមពី ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ។

ឯកឧត្តម ស ថេត បានណែនាំដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយការិយាល័យជំនាញ​ពាក់ព័ន្ធនៅពេលចុះអនុវត្តត្រូវធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើជាទូទៅចំពោះយាន​យន្តគ្រប់ប្រភេទដែលរកឃើញថាមានការកែច្នៃខុសបច្ចេកទេសច្បាប់។ ជាងនេះថែមទៀតត្រូវចុះណែនាំទីតាំង​កែច្នៃបំពង់ស៊ីម៉ាំងយានយន្តខុសបច្ចេកទេស ឱ្យបញ្ឈប់ ហើយការណែនាំដោយកាយវិកាទន់ភ្លន់និងពន្យល់​អំពីផ្លូវច្បាប់ក៏ដូចជាផលប៉ះពាល់ពីការប្រើប្រាស់សម្លេងលើសកម្រិត។

          ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីក្រោមឱវាទការចុះអនុវត្តនេះត្រូវធ្វើ​កុំឱ្យលើសតាមសេចក្តីណែ​នាំរបស់ក្រសួងមហាផ្ទៃ និងលើសពីគោលការណ៍ច្បាប់ ដើម្បីចៀសវាងកុំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋ។ ការចុះអនុវត្តនោះផងដែរក៏ត្រូវពង្រឹងទប់ស្កាត់ចំពោះក្មេងទំនើងជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ដែលបង្​ករអោយប៉ះពាល់សណ្តាប់សង្គម ដោយឃាត់ចាប់យកមកអប់រំ ហើយអញ្ជើញអាណាព្យាបាលឱ្យមកទទួល និងយកទៅអប់រំបន្ត។

          សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះផងដែរ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្​ឌនិងលោកស្នងការរង មួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈម និងការយកសេចក្តីណែនាំនៃ​ខ្លឹមសារកិច្ចប្រជុំទៅអនុវត្តឱ្យចំទិសដៅការងារ ដើម្បីចុះអនុវត្តលើការលុបបំបាត់ការបង្ករសម្លេង​រំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព៕ ដោយ៖ វិច្ឆការ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner