ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន វីរៈស័កហ្វាយនែន ម្នាក់ករណីស៊ីដាច់លុយចំនួន១៧.៥៨៣ដុល្លា
ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន វីរៈស័កហ្វាយនែន ម្នាក់ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ករណីស៊ីដាច់លុយក្រុមហ៊ុនអស់ចំនួន១៧.៥៨៣ដុល្លា មិនប្រគល់ឲ្យក្រុមហ៊ុនវិញ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២២ និង០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនវីរៈស័កហ្វាយនែន ផ្ទះលេ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ រើន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឥណទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទហលេខ២ ផ្លូវលំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
ចំណែកដើមបណ្តឹងមានឈ្មោះ ប៉ែន ជាលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឥទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទះលេខ១១k ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩ខាងក្រុមហ៊ុន បានឲ្យជនសង្ស័យដើរប្រមូលលុយពីអតិថិជន ប៉ុន្តែមិនបានយកមកប្រគល់ឲ្យក្រុមហ៊ុននោះទេ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ខាងក្រុមហ៊ុនបានឆែកបញ្ជីមើលឃើញបាត់លុយច្រើន ក៍ហៅមកសួរនាំពេលនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានយកលុយចាយអស់ហើយ ទើបខាងក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ។
សម្ភារៈបាត់បង់ លុយដុល្លាចំនួន១៧.៥៨៣ដុល្លា ។ សម្ភារៈបន្សល់ទុក ម៉ូតូស្កុបពី០១គ្រឿង ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GV-8749 របស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា