វ៉ាត ប៊ុនចាន់ថុនា បណ្ណសារដើរតួនាទីសំខាន់ “រក្សាឯកសារប្រវត្តិសាស្ត្រមនុស្សជាតិ”
ភ្នំពេញ ៖ រូបភាពមួយសន្លឹកនេះ ជាសកម្មភាពរបស់យុវជន វ៉ាត ប៊ុនចាន់ថុនា កំពុងពិនិត្យទស្សនាវដ្តីចាស់មួយច្បាប់ដែលបានបោះពុម្ពផ្សាយនៅក្នុងសម័យសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ (1970-1975) ឱ្យបានហ្មត់ចត់តាមស្តង់ដារបច្ចេកទេសថែទាំឯកសារនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រាជធានីភ្នំពេញ។ កិច្ចការកំពុងធ្វើនេះ ត្រូវប្រាកដថាគុណភាពទស្សនាវដ្តីនៅតែអាចរក្សាបានក្នុងទម្រង់ថែទាំនិងយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នបំផុត រាប់ទាំងបច្ចេកទេសរក្សាគុណភាពឯកសារ គិតពីសីតុណ្ហភាពរក្សាទុក រយៈពេលត្រួតពិនិត្យច្បាស់លាស់ ព្រមទាំងគ្រប់គ្រងរបៀបប្រើប្រាស់ព័ត៌មាននៅក្នុងឯកសារនេះ។
លោក វ៉ាត ប៊ុនចាន់ថុនា បច្ចុប្បន្នជាអ្នកគ្រប់គ្រងបណ្ណសារ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បន្ទាប់ពីបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ “ជំនាញគ្រប់គ្រងទិន្នន័យបណ្ណសារ និងបេតិកភ័ណ្ឌវប្បធម៌” នៅសាកលវិទ្យាល័យ Silpakon University នៃព្រះរាជាណាចក្រថៃឡដ៍ កាលពីពាក់កណ្តាលឆ្នាំ 2019 កន្លងទៅ។ កិច្ចការជំនាញបណ្ណសារធ្វើឱ្យយុវជនរូបនេះ យល់ថា បណ្ណសារដើរតួនាទីសំខាន់រក្សាឯកសារប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ ហើយអ្នកស្វែងរកព័ត៌មានទាំងអស់នឹងដឹងរឿងរ៉ាវដែលកើតឡើងនៅក្នុងសង្គមនីមួយៗតាមរយៈការស្រាវជ្រាវនៅបណ្ណសារ។
“បណ្ណសារខុសពីបណ្ណាល័យ ព្រោះបណ្ណាល័យមានសៀវភៅច្រើនឱ្យយើងអាន អាចប៉ះឯកសារបាន និងជាកន្លែងផ្តល់សៀវភៅឱ្យយើងខ្ចី។ ចំណែកបណ្ណសារវិញមានលើសពីនេះ រាប់ទាំងឯកសារ ហ្វីល វីដេអូ កាសែត ទស្សនាវដ្តី ខ្សែអាត់សំឡេង និងរូបភាពផ្សេងៗទៀត ហើយទាមទារបច្ចេកទេសខ្ពស់ដើម្បីគ្រប់គ្រងរបស់ទាំងនោះ ពេលខ្លះយើងត្រូវជួសជុល ត្រូវចេះប្រើប្រាស់ និងថែទាំងដោយប្រុងប្រយ័ត្ន ឬបំលែងឯកសារទាំងនោះឱ្យទៅជាឯកសារឌីជីថល…”។ នេះជាចំណុចខុសប្លែងគ្នាមួយ រវាងបណ្ណាល័យនិងបណ្ណសារ ដែលលោក វ៉ាត ប៊ុនចាន់ថុនា បានបញ្ជាក់ដល់ AMS ។
ឆ្នាំ 2015 លោក វ៉ាត ប៊ុនចាន់ថុនា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបន្តសិក្សាជំនាញគ្រប់គ្រងទិន្នន័យបណ្ណសារនេះ ក្រោមមូលនិធិអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន។ លោកបានឱ្យដឹងថា ជំនាញនេះសិក្សាពីតម្លៃនៃបណ្ណសារ ដំណើរការផលិតឯកសារ (យល់ពីការបង្កើតឯកសារ ពេលប្រើប្រាស់ ពេលឈប់ប្រើប្រាស់ និងដំណាក់កាលមកដល់បណ្ណសារ) ព្រមទាំងសិក្សាពីវិធីសាស្ត្រថែទាំទុកដាក់ឯកសារ គ្រប់គ្រងបណ្ណសារតាមបច្ចេកវវិទ្យា និងបំលែងឯកសារទុកប្រើប្រាស់យូរអង្វែង។
លោក វ៉ាត ប៊ុនចាន់ថុនា “បណ្ណសារទុកដាក់ឯកសារក្នុងប្រអប់ បើចង់បានឯកសារត្រូវស្នើសុំពីបុគ្គលិកជំនាញ ហើយគ្រប់ឯកសារទាំងអស់មានតម្លៃជាឯកសារយោង មានប្រភពច្បាស់លាស់ គោរពកម្មសិទ្ធិបញ្ញា និងទុកចិត្តបាន… បណ្ណសារជាទីតាំងរក្សាឯកសារប្រវត្តិសាស្ត្រ ឯកសារគ្រួសារ ឯកសារបុគ្គល ដែលយើងត្រូវរក្សាទុកជាប្រវត្តិសាស្ត្រ ឬទុកជាឯកសារសម្រាប់អ្នកស្រាវជ្រាវ”។
យុវជនវ័យ 28 ឆ្នាំរូបនេះ បានឱ្យដឹងថា មូលហេតុលោកសម្រេចចិត្តសិក្សាជំនាញគ្រប់គ្រងទិន្នន័យបណ្ណសារ និងបេតិកភ័ណ្ឌវប្បធម៌ ដោយសារជំនាញនេះកម្រមាននិស្សិតកម្ពុជាសិក្សា ហើយមានតម្លៃធំធេងសម្រាប់ថែរក្សាវប្បធម៌កម្ពុជា។ “នៅកម្ពុជាមិនទាន់ទូលំទូលាយទេអ្នកសិក្សាជំនាញហ្នឹង… កាលនោះខ្ញុំទៅបណ្ណាល័យជាតិ ខ្ញុំសួរមិត្តភក្តិខ្ញុំថា នៅខាងក្រោយបណ្ណាល័យនោះអគារអី គេប្រាប់ខ្ញុំថាបណ្ណសារដ្ឋានជាតិ ខ្ញុំចាប់ផ្តើមមានចិត្តស្រឡាញ់តាំងពីពេលនោះមក ហើយក៏មានអាហារូបករណ៍នៅថៃ ខ្ញុំក៏ដាក់ទៅរៀន។ សូមបញ្ជាក់ថា បណ្ណាល័យមានដាក់សៀវភៅប្រវត្តិសាស្ត្រ ដោយសៀវភៅនោះសរសេរយកទិន្នន័យចេញពីបណ្ណសារ” វ៉ាត ប៊ុនចាន់ថុនា។
លោក ប៊ុនចាន់ថុនា បានបន្តថា នៅកម្ពុជាព័ត៌មានអំពីបណ្ណសារពុំទាន់ទូលំទូលាយនៅឡើយសម្រាប់យុវជន ដោយសារការផ្សព្វផ្សាយព័ត៌មានពីបណ្ណសារនៅមានកម្រិតឡើយ ហើយយុវជនកម្ពុជាមិនទាន់ចាប់អារម្មណ៍ជំនាញបណ្ណសារនេះទេ។ ទន្ទឹមគ្នានេះ លោកយល់ថា ការយកចិត្តទុកដាក់ស្រាវជ្រាវឯកសាររបស់យុវជនកម្ពុជានៅមានកម្រិត ប៉ុន្តែលោកជឿជាក់ថា យុវជននឹងក្លាយជាអ្នកស្រាវជ្រាវច្បាស់លាស់ (Academy) កាន់តែច្រើននៅថ្ងៃខាងមុខ ពិសេសប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងអ៊ីធឺណេត។
អ្នកគ្របគ្រងបណ្ណសារសោតទស្សន៍ វ៉ាត ប៊ុនចាន់ថុនា “យើងនៅមានអ្នកយល់ដឹងមានតិច… ហើយក៏មិនដឹងថារៀនមុខវិជ្ជាហ្នឹងឯណា រៀនហើយទៅធ្វើការនៅឯណា? ពេលខ្លះអត់ទាន់យល់ថា អ្វីជាបណ្ណសារផងហ្នឹង ការពិតស្ថាប័នណាក៏ដោយក៏ត្រូវការអ្នកជំនាញអ្នកទុកដាក់ឯកសារហ្នឹងដែរ រាប់ទាំងក្រសួងស្ថាប័នរដ្ឋា នេះជាឱកាសមួយដែលយុវជនអាចធ្វើបាន ! តែសំណួរត្រង់ថា តើយើងបំផុសរូបភាពហ្នឹងឱ្យមានឡើងតាមរបៀបណា”។
ទន្ទឹមនឹងការលើកឡើងរបស់ វ៉ាត ប៊ុនចាន់ថុនា លោក ជា សុភាព ជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក៏ប្រសាសន៍ដែរថា ធនធានមនុស្សដែលមានជំនាញបណ្ណសារមានចំនួនតិចតូចនៅឡើយនៅកម្ពុជា។ “សព្វថ្ងៃយើងអត់ទាន់មានវិទ្យាស្ថាន ឬសាលាបណ្តុះបណ្តាលជំនាញបណ្ណសារហ្នឹងទេ អីចឹងអ្នកដែលមកធ្វើការនៅមជ្ឈមណ្ឌលបុប្ផាណា យើងត្រូវបណ្តុះបណ្តាលគាត់ច្រើន ពិបាកស្វែងរកធនធានមនុស្សផ្នែកហ្នឹង”។
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានតម្កល់ឯកសារជាច្រើនដែលសាធារណជនអាចទស្សនា និងស្វែងរកព័ត៌មានបានពីរឿងរ៉ាវនៅកម្ពុជា។ មជ្ឈមណ្ឌលមានបេសកកម្ម ប្រមូលឯកសារប្រវត្តិសាស្ត្រ បង្ហាញការចងចាំ បណ្ណសារ និងបង្កើតឯកសារសោតទស្សន៍ថ្មីៗ។ មជ្ឈមណ្ឌល ផ្តល់ជូនព័ត៌មានដល់សាធារណជនដោយឥតគិតថ្លៃ រៀបចំបញ្ចាំងភាពយន្តផ្សេងៗ និងទទួលវត្តមានសិល្បករ ព្រមទាំងដៃគូសិក្សានានា។ ជាមួយគ្នានេះ មជ្ឈមណ្ឌលបុប្ផាណា បានក្លាយជាសមាជិកនៃសហព័ន្ធបណ្ណសារភាពយន្តអន្តរជាតិ (FIAF) ព្រមទាំងបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការ South-South ជាមួយនឹង ប៊រគីណា ហ្វាសូ ទៀតផង។
មុននឹងបញ្ចប់កិច្ចសន្ទនាលោក វ៉ាត ប៊ុនចាន់ថុនា អ្នកគ្រប់គ្រងបណ្ណសារ បានបញ្ជាក់ថា “ប្រសិនមានបងប្អូនឯកសារ សូមផ្តល់ឯកសារនោះទៅបណ្ណសារ ដើម្បីឱ្យឯកសាររស់ឡើងវិញ ហើយពេលនោះហើយដែលគ្រប់គ្នាយល់ពីតម្លៃនៃបណ្ណសារ”៕