កង្វល់សុវត្ថិភាពផ្ទាល់ខ្លួន ជាឧបសគ្គសម្រាប់ក្មេងស្រីបន្តការសិក្សាឆ្ងាយពីផ្ទះ
ភ្នំពេញ៖ ឧបសគ្គ ការលំបាក និងបញ្ហាប្រឈមនានាក្នុងជីវិតសិក្សារបស់យុវជនតែងកើតឡើងមិនប្រកាន់ភេទប្រុសឬស្រីឡើយ។ ប៉ុន្តែសុវត្ថិភាពរស់នៅរបស់ក្មេងស្រីអាចខុសពីក្មេងប្រុស។ បច្ចុប្បន្នកូនស្រីបន្តការសិក្សាឆ្ងាយពីផ្ទះហើយ ក៏ប៉ុន្តែពួកគេនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងកង្វល់របស់ក្រុមគ្រួសារ។ ទន្ទឹមគ្នានេះ កូនស្រីត្រូវចំណាយលុយកាក់ក្នុងជីវភាពសិក្សាច្រើនជាងកូនប្រុសដែរ។
កញ្ញា ណាក ថៃល័ក្ខ និស្សិតម្នាក់មកពីខេត្តសៀមរាប បានឱ្យដឹងថា សុវត្ថិភាពរស់នៅឆ្ងាយពីគ្រួសារជាចំណុចប្រឈមខ្លាំងរបស់យុវតី។ ដំណើរចាកឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា ទាមទារឱ្យនិស្សិតគិតហ្មត់ចត់ពីសុវត្ថិភាពកន្លែងស្នាក់នៅ។
ថៃល័ក្ខ “សម្រាប់ខ្ញុំរកផ្ទះស្នាក់នៅ អត់អាចចេះតែរកទេ… ខ្ញុំត្រូវពិនិត្យមើលពីបរិយាកាសជាក់ស្ដែងនៅជុំវិញផ្ទះ ផ្លូវចេញចូល ទំហំបន្ទប់ ក៏ដូចជាស្ថានភាពផ្ទះ តើសម្បូរមនុស្សប្រុសដែរឬទេ សម្បូរមនុស្សស្រីឬទេ ហើយអ្នកជួលទាំងអស់នោះភាគច្រើនស្ថិតនៅអាយុប៉ុន្មាន គិតទាំងបន្ទប់ទឹក និងការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ…”។
និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេសរូបនេះ បានបន្ដទៀតថា ដើម្បីសុវត្ថិភាពត្រូវស្វែងរកទីតាំងស្នាក់នៅសមរម្យ ប៉ុន្តែប្រឈមបញ្ហាហិរញ្ញវត្ថុ។ កញ្ញា ថៃល័ក្ខ “ដើម្បីរកបានផ្ទះមានសុវត្ថិភាព ខ្ញុំត្រូវចំណាយបង់ថ្លៃផ្ទះខ្ពស់។ ជាមធ្យមខ្ញុំចំណាយ 80 ដុល្លារក្នុងមួយខែ ទាំងទឹកភ្លើងទៀតអាចអស់ជិតដល់ 100ដុល្លារ ចំណែកមិត្តភក្ដិប្រុសៗខ្ញុំវិញ ពួកគាត់ចំណាយពី 40 ទៅ 60ដុល្លារតែប៉ុណ្ណោះ”។
មានប្អូនស្រីស្នាក់នៅជាមួយនិងកំពុងបន្ដការសិក្សានៅភ្នំពេញ យុវជន ស្រ៊ាង ដារ៉ុង និស្សិតមកពីខេត្តកំពង់ចាម បានឱ្យដឹងដែរថា “ មករៀនឆ្ងាយពីផ្ទះ ខ្ញុំបារម្ភពីសុវត្ថិភាពស្នាក់នៅ និងការធ្វើដំណើរទៅមករបស់ប្អូន ហើយខ្លាចមិត្តភក្ដិមិនល្អអូសទាញដើរផ្លូវមិនល្អ…”។
មិនមែនមានតែយុវជនខាងលើនោះទេ ដែលយល់ថាសុវត្ថិភាពកន្លែងស្នាក់ក្នុងពេលបន្តការសិក្សាជាផ្នែកសំខាន់នៃដំណើរជីវិតសិក្សារបស់ពួកគេ។ ចំណែកអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់បញ្ហាសមភាពយេនឌ័រនៅកម្ពុជា ក៏យល់ឃើញដែរថា បញ្ហាសុវត្ថិភាពរស់នៅក្នុងពេលសិក្សាក្មេងស្រី ជាកត្តាបង្អាក់ដំណើរជីវិតសិក្សារបស់សិស្សស្រីមិនឱ្យបន្តមកទីក្រុង ឬសាលារៀនដែលនៅឆ្ងាយពីផ្ទះដែរ។
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ បានឱ្យដឹងថា មករៀននៅទីក្រុងបរិយាកាសរស់នៅផ្ទុយពីទីជនបទ ដោយសារមានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន រីឯការរស់នៅផ្សេងៗគ្នា ត្រូវគិតពីសុវត្ថិភាពខ្ពស់។ អ្នកស្រីសង្កត់ធ្ងន់ថា សុវត្ថិភាពជារឿងសំខាន់ដែលសិស្ស-និស្សិតស្រីៗ តែងប្រឈមខ្លាំងក្នុងពេលកន្លងមក។
អ្នកស្រី សេង រាសី “ក្មេងស្រីតែងមានអារម្មណ៍ភ័យខ្លាច និងយល់ថាមិនមានសុវត្ថិភាព… ដំណោះស្រាយ គឺម្តាយឪពុកអ្នកពាក់ព័ន្ធត្រូវផ្តល់ប្រឹក្សាយោបល់បន្ថែមដល់យុវតី មុនពេលពួកគាត់ចំណាកស្រុកដើម្បីបន្តការសិក្សា ដើម្បីត្រៀមខ្លួនសម្របតាមបរិបទសិក្សា និងរស់នៅកន្លែងថ្មី។ សិស្សត្រូវទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីពិចារណារឱ្យកាន់តែប្រសើរ។ ប្រសិនបើយើងខ្វះខាតព័ត៌មាន បញ្ហាប្រឈមអាចនឹងកើតមានច្រើន…”។
ការផ្ដល់ប្រព័ន្ធការពារនិងសន្ដិសុខសម្រាប់ក្មេងស្រីពីអាជ្ញាធរមូលដ្ឋាន ក៏ជាចំណែកមួយដែលបង្កើតបរិយាកាសឱ្យយុវតីមានអារម្មណ៍រួចចាកផុតពីការបៀតបៀន និងគំនាបសុវត្ថិភាពផ្សេងៗ។ អ្នកពាក់ព័ន្ធនឹងសុវត្ថិភាពនេះ គឺជាការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ ការប្រើពាក្យសម្ដីបៀតបៀនក្មេងស្រី ក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីដែរ ដូច្នេះបុគ្គលគ្រប់រូបត្រូវចូលរួមផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានចេញ គិតវិជ្ជមានចំពោះស្រ្ដីនិងផ្តល់តម្លៃឱ្យស្ត្រី។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ៕