អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៦លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៦៨លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៦លាន៨ពាន់៧៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤ម៉ឺន៩ពាន់៣១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៨លាន៦២ម៉ឺន៩ពាន់៨៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៤លាន៦២ម៉ឺន៦ពាន់៣៧៦នាក់ ស្លាប់ចំនួន៤០ម៉ឺន៨ពាន់៦២០នាក់ និងជាសះស្បើយចំនួន១៤លាន៥៥ម៉ឺន១ពាន់៦៨៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥៨ម៉ឺន២ពាន់៦៤៧នាក់ ស្លាប់ចំនួន១៥ម៉ឺន២ពាន់៥៩៣នាក់ និងជាសះស្បើយ១០លាន២២ម៉ឺន៧ពាន់៨៥២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៥១ម៉ឺន២ពាន់២៣៨នាក់ ស្លាប់២១ម៉ឺន៣២៨នាក់ និងជាសះស្បើយ៧លាន៤៥ម៉ឺន២ពាន់៤៧នាក់ ៕