មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញ ក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០។ ពិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ខេត្តកំពង់ស្ពឺ។
អញ្ជើញមានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម អួន សារឿន ក្នុងនាមឯកឧត្តមមេបញ្ចាការកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយធពលខេមភូមិន្ទ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភទំនុកបម្រុងគ្រប់បែបយ៉ាងដល់វគ្គ និងបានកោតសរសើរដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក យោធាចារ្យ សិក្ខាកាមទាំងអស់ បានពុះពាររាល់ការលំបាករហូត ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបានបញ្ចប់ទទួលបានលទ្ធផលល្អប្រសើរ និងគួជាទីមូទនៈ ។
ឯកឧត្តម អួន សារឿន បានបន្តទៀតថា ក្នុងរយៈ ០៣ ខែ កន្លងទៅ ដែលក្មួយៗបានឆ្លងកាត់ និងបានទទួលចំណេះដឹង ចំណេះធ្វើទូទៅផ្នែកកងទ័ព ដែលសាលា គ្រូយោធាចារ្យបានផ្តល់ដល់ក្មួយៗ។ សម្រាប់អនាគតក្មួយៗត្រូវមានចក្ខុវិស័យ ក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងចំណេះធ្វើទៅតាមការវិវឌ្ឃន៍សភាពការណ៍ថ្មីៗ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាលើពិភពលោកផងដែរ។
ឯកឧត្តម អួន សារឿន បានបន្ថែមទៀតថា៖ ការងារហ្វឹកហ្វឺនគឺគ្មានដែនកំណត់នោះទេ ពោលគឺមិនមែនមានត្រឹមតែក្មួយៗនេះដែរ គឺមានពីមួយជំនាន់ទៅមួយជំនាន់់ជារៀងរហូត និងគ្មានទីបញ្ចប់ ។ ក្នុងន័យនេះ ឯកឧត្តម អួន សារឿន បានសង្កត់ធ្ងន់ថា ក្មួយៗជាទំពាំងស្នងឬស្សី ត្រូវបន្តខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ និងប្រជាជន។ នៅចុងបញ្ចប់ ឯកឧត្តម អួន សារឿន បានផ្តាំផ្ញើរដល់ក្មួយៗពលទាហានថ្មី ត្រូវបន្តលើកកម្ពស់ស្មារតីដើម្បីជាតិ មាតុភូមិ និងប្រជាជន ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញឿន។
សូមបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺនពលទាហានថ្មីឆ្នាំ២០២០ បានបើកដំណើរបើកកាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ មានររយៈពេល ៩១ ថ្ងៃ។ មានសិក្ខាកាមសរុបចំនួន ២១០នាក់ នារីចំនួន ០៨នាក់ ។ សិក្សារៀនសូត្រលើមុខវិជ្ជាមេរៀន យោធារួមមាន បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង អប់រំចិត្តសាស្ត្រ។ លទ្ធផលបញ្ចប់វគ្គ ទទួលបាននិទ្ទេសល្អណាស់ចំនួន ០៧នាក់ និទេ្ទស ល្អចំនួន ១០០នាក់ និទ្ទេសល្អបង្គួរចំនួន ១០៣នាក់៕