ក្រៅពីសាលារៀនឪពុកម្ដាយជាគ្រូអប់រំឥរិយាបថកូនមានប្រសិទ្ធភាពបំផុត

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ សម្រាប់កុមារសាលារៀនបានក្លាយជាថ្នាលបណ្តុះបណ្តាលផ្តល់ចំណេះដឹង បំណិនជីវិត និងសមត្ថភាពសិក្សា រាប់ចាប់តាំងពីមត្តេយ្យ​សិក្សា រហូតដល់បញ្ចប់ថ្នាក់បឋមសិក្សា។ កុមារក្លាហ៊ាន ចេះគោរព ចេះឱនលំទោន និយាយស្តីមានសីលធម៌ កុមារមានគំនិតច្នៃប្រឌិតក្នុងការសិក្សាជាបំណងប្រាថ្នារបស់ម្តាយឪពុកគ្រប់រូប។ រូបភាពទាំងនេះកើតឡើងបាន អាស្រ័យលើកត្តាសាលារៀននិងកត្តាគ្រួសារ។ កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា និងអ្នកជំនាញអប់រំកុមារតូចបានលើកឡើងថា ក្រៅពីសាលារៀនឪពុកម្ដាយជាគ្រូអប់រំកូនស្និទ្ធស្នាលនិងមានប្រសិទ្ធភាពបំផុតក្នុងជីវិតសិក្សាដំបូងរបស់គេ។

លោកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូច ស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ដើម្បីអប់រំកុមារតូចបានល្អទាមទារឱ្យម្តាយឪពុកចូលរួម ទន្ទឹមការអប់រំនៅសាលា។ “​ឪពុកម្ដាយប្រៀបបានដូចគ្រូទីមួយរបស់កូន ព្រោះកុមារអាចរៀនសូត្រអ្វីៗជាច្រើនពីទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាក្តីស្រលាញ់ ទម្លាប់រស់នៅល្អៗ វិន័យ ការចែករំលែក ឬការឆ្លើយតបផ្សេងៗ រឺឯការអប់រំនៅសាលារៀនផ្តោតសំខាន់ទៅលើចំណេះដឹង តាមកម្រិតដែលជាថ្នាលបណ្តុះចំណេះដឹងមូលដ្ឋានគ្រឹះដល់កុមារនាពេលអនាគត”។

លោកស្រី សរ ម៉ុន្ថា បានបន្ថែមថា កុមារក្លាយជាក្មេងចេះដឹងគុណ តាមរយៈភាពជាគំរូរបស់ឪពុកម្ដាយ ដោយសារកុមារបានទទួលភាពកក់ក្ដៅ ក្ដីស្រឡាញ់ពេញលេញពីឪពុកម្ដាយរបស់ពួកគេ ពេលហើយកុមារនឹងក្លាយជាមនុស្សពោពេញដោយក្ដីស្រឡាញ់ និងចែករំលែកក្ដីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន។ ម៉្យាងវិញទៀត កុមារដែលបាន​ចិញ្ចឹមដោយក្ដីស្រឡាញ់ មានការលើកទឹកពីឪពុកម្ដាយ កុមារក្លាយជាក្មេងមានភាពវ័យឆ្លាត រហ័សរហួន និងស្ដាប់បង្គាប់។

រូបភាពតំណាង – Unicef Cambodai

លើសពីនេះ ភាពស្និទ្ធស្នាលរបស់ឪពុកម្ដាយ បានចូលរួមបង្កើនសមត្ថភាពខួរក្បាល ភាពស្និទ្ធស្នាលនិងភាពកក់ក្តៅ ជំរុញភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ឱ្យក្មេងមានភាពវៃឆ្លាតពិសេស ឬភាពវៃឆ្លាតផ្នែកអារម្មណ៍(EQ)។ ចំណែកឯការអប់រំនៅសាលារៀនគ្រាន់តែជាវិធីសាស្រ្ត ឬក៏សកម្មភាពភាគច្រើន សម្តៅទៅភាពវៃឆ្លាតផ្តោតលើផ្នែកចំណេះដឹង ទាក់ទងតក្កវិជ្ជា រូបមន្ត ឬចំណេះដឹងផ្សេងៗ នៅពេលពួកគេមានអាយុពីរឆ្នាំឬក៏បបីឆ្នាំឡើងទៅ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី សរ ម៉ុន្ថា ។

ជុំវិញកិច្ចការអប់រំកុមារតូចនេះ ក្នុងនាមជាម្តាយម្នាក់លោកស្រី ឃន់ រត្ននា មន្ត្រីនៃអង្គការម៉ារីស្ដូបអន្តរជាតិ យល់ថា​ “ការអប់រំកូនរវាង​ខ្លួនឯងផ្ទាល់និងនៅសាលារៀន មិនខុសគ្នាច្រើននោះទេ គ្រាន់តែកូនទៅសាលារៀនមានពេលតិចជាងនៅជាមួយឪពុកម្ដាយ”។

លោកស្រីបានបញ្ជាក់ត្រង់ចំណុចនេះថា កូនល្អកើតចេញពីទង្វើរបស់ម្តាយឪពុក។ ឪពុកម្ដាយត្រូវបង្កើតឱកាសជជែកជាមួយកូនៗឱ្យបានច្រើន បង្រៀនកូនធ្វើកិច្ចការសាលា នោះកុមារនឹងទទួលភាពកក់ក្តៅពីក្រុមគ្រួសារ។ “សាលារៀនអាចផ្ដល់ចំណេះវិជ្ជារៀនសូត្រ ចំណេះជំនាញល្អៗ គួបផ្សំនឹងឪពុកម្ដាយជាអ្នកផ្ដល់ការណែនាំឱ្យមានចរឹកលក្ខណៈត្រឹមត្រូវ នោះកុមារអាចក្លាយជាមនុស្សដែលពោរពេញដោយថាមពល ក្តីស្រឡាញ់ និងជាមនុស្សល្អនៅក្នុងសង្គម”។

អ្នកស្រី វង្ស សាវឿន គឺជាបុគ្គលិកជាប់កិច្ចសន្យា នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ក៏បានលើកឡើងថា​ “ខ្ញុំមានកូនពីររួចមកហើយ ខ្ញុំអាចដឹងថា ការប្រៀនប្រដៅកូនៗឱ្យល្អពិបាកណាស់ ប៉ុន្តែក្នុងនាមជាឪពុកម្ដាយត្រូវមានវិធីសាស្រ្តអប់រំកូនឱ្យបានល្អ… គ្មាននរណាអប់រំកូនល្អជាងឪពុកម្ដាយនោះទេ”។ ទន្ទឹមគ្នានេះ អ្នកស្រីបានបន្តថា ម្តាយឪពុកមិនគួរកុំធ្វេសប្រហែសបណ្ដោយឱ្យកូនទៅសាលារៀន ដោយគ្មានការតាមដានច្បាស់លាស់នោះទេ បើពុំនោះកុមារនឹងបាត់បង់ភាពស្និទ្ធស្នាលក្នុងគ្រួសារ។

ក្នុងសិក្ខាសាលាស្តីពីគុណភាពជីវិតកុមារក្រោមប្រធានបទ “ការអប់រំខួរក្បាលទាំងសងខាង និងអប់រំបុត្រធីតាឱ្យក្លាយជាអ្នកដឹកនាំសកល” កន្លងទៅ លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ធ្លាប់បានលើកឡើងដែរថា មាតាបិតាគួរតែគិតឱ្យអស់លទ្ធភាព វិនិយោគទៅលើកូនចៅដើម្បីជាពលរដ្ឋសកល។ ការអប់រំកុមារតូច មិនមែនជារឿងងាយស្រួលនោះទេ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីម្តាយឪពុក ឬអាណាព្យាបាល ទើបការអប់រំរបស់កុមារតូចអាចមានប្រសិទ្ធិភាពពេញលេញ។

គួរបញ្ជាក់ថា តាមអ្នកជំនាញអប់រំកុមារ ម្តាយឪពុកឬអាណាព្យាបាល សាលារៀន សុទ្ធសឹងជាតួអង្គសំខាន់ក្នុងការអប់រំកុមារដូចគ្នា។ ចំណែកការអប់រំកុមារតូចគួរចាប់ផ្តើមតាំងពីទារកនៅក្នុងផ្ទៃ ដែលជាដំណាក់កាលដ៏អស្ចារ្យសម្រាប់ការលូតលាស់របស់គេ។ កុមារងាយទទួលឥទ្ធិពលពីបរិស្ថានរស់នៅជុំវិញខ្លួន ប្រសិនបើម្តាយឪពុកយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនទាន់ពេលវេលា នោះវាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់អនាគតបុត្រធីតារបស់ខ្លួន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner