រដ្ឋបាលក្រុងហុងកុងព្រមានថា ការដកឋានៈពិសេសរបស់ហុងកុងពីសំណាក់សហរដ្ឋអាម៉េរិកនោះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកខ្លួនឯងផ្ទាល់
ហុងកុង៖ ការដកឋានៈពិសេសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ចេញពីទីក្រុងហុងកុងស្ថិតក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកនោះ ទំនងជាក្លាយជាអាវុធមុខពីរ ដែលអាចនឹងជះផលអវិជ្ជមានដល់សេដ្ឋកិច្ចអាម៉េរិកផ្ទាល់ផងដែរ នេះបើតាមការព្រមានរបស់រដ្ឋបាលក្រុងហុងកុង និងត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។
ការព្រមានពីរដ្ឋបាលទីក្រុងហុងកុងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក នៅថ្ងៃពុធសប្តាហ៍នេះ បានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេសសម្រាប់ ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បន្ទាប់ពីអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង តាមរយៈការបង្កើតច្បាប់សន្តិសុខជាតិថ្មី ។
យ៉ាងណាមិញ ច្បាប់សន្តិសុខជាតិថ្មីដែលប្រទេសចិនកំពុងត្រៀមអនុម័តលើទីក្រុងហុងកុងនោះ មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឲ្យប្រាកដទេ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាម៉េរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹតត្បិតសេរីភាព និង ធ្វើឲ្យទីក្រុងហុងកុងលែងមានសិទ្ធិស្វ័យភាពតទៅទៀត ៕