លោក លី ខឺឈាំង ថ្លែងថា ច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនត្រៀមអនុម័ត គឺដើម្បីស្ថិរភាព និងវិបុលភាពរបស់ទីក្រុងហុងកុង
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ នៅប៉ុន្មានម៉ោងក្រោយសភាប្រជាជនចិនអនុម័តច្បាប់សន្តិសុខសំរាប់ទីក្រុងហុងកុងនោះ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការអនុម័តច្បាប់សន្តិសុខជាតិហុងកុងគឺដើម្បីស្ថិរភាព និង វិបុលភាពរយៈពេលវែងរបស់ទីក្រុងនេះប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។
សភាចិនក្នុងសម័យប្រជុំថ្ងៃចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែឧសភានេះបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីច្បាប់ហុងកុង ជាមួយនឹងសម្លេងគាំទ្រ២.៨៧៨ ប្រឆាំង០១ និង០៦បោះអនុប្បវាទ ហើយវាទទួលបានការទះដៃអបអរពីសមាជិកសមាជិកាសភាចិន ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីចិនរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់សភាប្រជាជនក្នុងការដាក់ឱ្យប្រើច្បាប់នេះ គឺមានបំណងសិក្សាការអនុវត្តប្រទេស១ ប្រព័ន្ធ២ ហើយនឹងដើម្បីវិបុលភាព និងស្ថិរភាពរយៈពេលវែងរបស់ទីក្រុងហុងកុង ៕