សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកែប
កែប៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប ។
ដោយពិនិត្យទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានលើកសំណើទូលថ្វាយព្រះមហាក្សត្រ គោរពស្នើសុំតែងតាំងមុខតំណែង ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ជាអភិបាលនៃគណៈអភិបាលខេត្តកែប ជំនួសឯកឧត្ដម កែន សត្ថា ដែលដល់អាណត្តិការងារ ០៨ឆ្នាំ ហើយតែងតាំង ឯកឧត្ដម កែន សត្ថា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចតែងតាំងលោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប អោយទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែបផងដែរ ។
ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកែប និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលបានយកចិត្តទុកដាក់ចូលរួម អនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ នៅក្នុភូមិសាស្ត្រខេត្តកែបបានយ៉ាងល្អប្រសើរ ដោយបានព្យាបាលអ្នកឆ្លងមេរោគកូវីដ១៩ ក្នុងខេត្តកែបចំនួន ០៤នាក់ អោយជាសះស្បើយ និងខិតខំចាត់វិធានការនានាក្នុងការបង្ការមិនអោយមានការចម្លងជម្ងឺនេះនៅក្នុងកម្រិតសហគមន៍ ។ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បន្តថា ៖ ឆ្នាំ២០២០នេះ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើង ក៏ដូចជាបណ្ដាប្រទេសនានាទាំងក្នុងតំបន់ និងនៅលើពិភពលោកកំពុងតែរងផលប៉ះពាល់ពីការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ។
អាស្រ័យហេតុនេះ ក្នុងឆ្នាំ២០២០នេះ យើងត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចសំខាន់ៗ ដូចខាងក្រោម៖
១.ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ
២.សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
៣.ការគ្រប់គ្រង និងការដោះស្រាយផលប៉ះពាល់បណ្ដាលមកពីវិបត្តិនៃជម្ងឺកូវីដ១៩
៤.កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ
៥.ការផ្ដល់សេវាសាធារណៈ
៦.ការពង្រឹករបៀបរបបការងារ