ពលរដ្ឋអាម៉េរិកប្រមាណ៤១លាននាក់គ្មានការងារធ្វើ ខណៈផលិតផលសរុបនៅក្នុងស្រុកសរុប GDP ធ្លាក់ចុះ៥ភាគរយ ដោយសារវិបត្តិ COVID-19
សហរដ្ឋអាម៉េរិក៖ ប្រជាជនអាម៉េរិកខ្ទង់២.១លាននាក់ទៀត ទើបតែបានដាក់ពាក្យស្នើសុំការជួយឧបត្ថម្ភសម្រាប់អ្នកគ្មានការងារធ្វើ កាលពីសប្តាហ៍កន្លងទៅ ខណៈតួលេខថ្មីនេះ នាំឱ្យចំនួនអ្នកគ្មានការងារធ្វើសរុបកើនឡើងដល់៤១លាននាក់ គិតចាប់តាំងពីពាក់កណ្តាលខែមីនាកន្លងទៅ នេះបើតាក្រសួងការងារអាម៉េរិក និងត្រូវបានចុះផ្សាយសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។
អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងសហរដ្ឋអាម៉េរិក បានកើនដល់១៤.៧ភាគរយកាលពីខែមេសា ដែលខ្ពស់បំផុតគិតចាប់តាំងពីសម័យវិបត្តិសេដ្ឋកិច្ចសកលទសវត្សរ៍ឆ្នាំ១៩៣០ ហើយអ្នកជំនាញភាគច្រើនរំពឹងថា អត្រានេះនឹងបន្តកើនថែមទៀតដល់ ជិត២០ភាគរយនៅខែឧសភានេះ ។
ស្របពេលជាមួយគ្នានោះដែរ បណ្តារដ្ឋរបស់សហរដ្ឋអាម៉េរិកកំពុងចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ តាមរយៈការអនុញ្ញាតឲ្យអាជីវកម្មខ្លះ រួមមានចាប់តាំងពីកន្លែងហាត់ប្រាណ ហាងលក់ដូរទំនិញ ភោជនីយដ្ឋាន រហូតដល់ហាងធ្វើសក់-កែសម្ផស្សបើកទ្វារឡើងវិញ ប៉ុន្តែត្រូវអនុវត្តន៍វិធានការបង្ការ ៕