ក្រុមហ៊ុន ប៊ូអ៊ីង កាត់បន្ថយការងារជាង១ម៉ឺន២ពាន់ ខណៈវិបត្តិ COVID-19 បង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ នៅទូទាំងសកលលោក
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានលើកឡើងថា ខ្លួននឹងកាត់បន្ថយការងារជាង ១ម៉ឺន២ពាន់នៅសហរដ្ឋអាម៉េរិក តាមរយៈការបញ្ឈប់ពីការងារ និងការទិញផ្តាច់កុងត្រាការងារ ខណៈក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាម៉េរិកនេះ មានផែនការកាត់បន្ថយការងារច្រើនទៀត នាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។
ជាមួយគ្នានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន ប៊ូអ៊ីង បាននិយាយថា សកម្មភាពកាលពីថ្ងៃពុធសប្តាហ៍នេះ តំណាងឱ្យការកាត់បន្ថយការងារក្នុងចំនួនច្រើនបំផុត ប៉ុន្តែចំនួនការងាររាប់ពាន់ទៀតក៏នឹងត្រូវកាត់ចោល ដែរក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។ ការបញ្ឈប់ និងការទិញផ្តាច់កុងត្រាការងារជិត១ម៉ឺន គឺធ្វើឡើងនៅក្នុងតំបន់ ស៊ីអាថល ដែលជាកន្លែងអាជីវកម្មយន្តហោះរបស់ប៊ូអ៊ីង ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ប៊ូអ៊ីង ក៏បានប្រកាសកាត់បន្ថយបុគ្គលិកជាង៦០០នាក់ នៅក្នុងប្រទេសកាណាដា និងអូស្ត្រាលីផងដែរ។
សូមជម្រាបថា ទន្ទឹមនឹងការកាត់បន្ថយការងារខាងលើនេះ ក្រុមហ៊ុន ប៊ូអ៊ីង ក៏បានប្រកាសកាលពីទី២៧ ខែឧសភានេះដែរថា ខ្លួនបានចាប់ផ្តើមផលិតយន្តហោះដឹកអ្នកដំណើរធុន 737 Max ដែលបានផ្អាកលែងហោះហើរ ។ ការធ្លាក់យន្តហោះធុន 737 Max ចំនួន ២ លើកបានរុញច្រានឱ្យ ប៊ូអ៊ីង ធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ មុនពេលជម្ងឺ COVID-19 បង្កផលប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសជាសកល ៕