ដំបូន្មានទាំង 6 ពីស្ថាបនិកជោគជ័យ 6 រូបសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង

អាជីវកម្ម ៖ គ្មានអ្នកណាម្នាក់ដែលអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងជាមួយនឹងការត្រៀមរៀបចំខ្លួនឱ្យបានល្អ 100 ភាគរយដូចការរំពឹងទុកនោះឡើយ ប៉ុន្តែអ្នកត្រូវចាំថាអ្នកអាចយកមេរៀនពីមនុស្សដែលជោគជ័យផ្សេងទៀតមកពិចារណា និងរៀនសូត្រតាមប្រសិនបើអ្នកពិតជាចង់ចាប់ផ្តើមវាមែន។

ស្ថាបនិកចំនួន 6 រូបដែលត្រូវបានគេចាត់ទុកថាជាមនុស្សជោគជ័យនៅក្នុងបណ្តាប្រទេសលោកខាងលិចត្រូវបានសាកសួរសំណួរដូចគ្នាចំពោះរបៀបនៃការរៀបចំខ្លួនរបស់ពួកគេមុនចាប់ផ្តើមអាជីវកម្មដោយបណ្តាញសារព័ត៌មាន The Oracles ដោយក្នុងនោះគេបានកំណត់សម្គាល់នូវដំបូន្មានចំនួន6 និងត្រូវបានយកមកចេញផ្សាយដើម្បីអាចជាជំនួយផ្នែកសា្មរតីដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មរៀបចំផែនការឱ្យបានល្អមុនពេលចេញប្រតិបត្តិការ៖

១.ត្រូវចាំថាសហគ្រិនភាពគឺដូចទៅនឹងការរត់ម៉ារ៉ាតុង។ នេះជាការលើកឡើងដោយស្ថាបនិកនៃក្រុមហ៊ុន Bluemercury លោកស្រី Marla Beck ដែលធ្លាប់និយាយថា ៖សហគ្រិនតែងតែចង់ឲ្យអាជីវកម្មរបស់ខ្លួន
រីកលូតលាស់យ៉ាងយូរបំផុតពីរ ឬបីឆ្នាំ ប៉ុន្តែអ្វីៗគឺផ្លាស់ប្តូរមិនដូចការរំពឹងទុកឡើយ។ជំនួសដោយការផ្តោតសំខាន់តែទៅលើការធ្វើឲ្យអាជីវកម្មអាចដំណើរវែងឆ្ងាយ នោះអ្នកមិនគួរភ្លេចទេថា សហគ្រិនភាពគឺជាការរត់ម៉ារ៉ាតុងមិនមែនជាការលូតលាស់នោះទេ។

២.ច្បាស់អត់ថាផលិតផល ឬសេវាកម្មរបស់អ្នកមានតម្រូវការ។ ស្ថាបនិក Mead Technology Group លោក Matt Mead ធ្លាប់បាននិយាយថា ៖ មុនចាប់ផ្តើមអាជីវកម្មណាក៏ដោយត្រូវតែធ្វើការស្រាវជ្រាវពីទីផ្សារជាមុន និងទទួលបានតួលេខដ៏ច្បាស់ ហើយប្រាកដថាទីផ្សារ និងតម្រូវការពិតជាមានសម្រាប់ផលិតផល និងសេវាកម្មរបស់អ្នក។

៣.ត្រៀមខ្លួនទទួលយកការពិតថាអ្នកនឹងមិនជោគជ័យឡើយនៅគ្រាដំបូង។ ស្ថាបនិក Agency Growth Secrets លោក Joshua Harris បាននិយាយថា ត្រូវតែវិនិយោគខ្លួនឲ្យហើយថាពេលដែលចាប់ផ្តើមវា ថាតើពេលណាដែលអ្នកបរាជ័យ ហើយចាប់ផ្តើមពិចារណាទៅលើមតិរិះគន់ ឬ feedback ភ្លាម ព្រោះថានៅពេលដែលអ្នកចាប់ផ្តើមតេស្តនៅក្នុងស្ថានភាពជាក់ស្តែងទើបទទួលបានមតិពិតប្រាកដផងដែរ។ បរាជ័យពិតប្រាកដគឺកើតឡើងនៅពេលដែលអ្នកព្រមចុះចាញ់វាតែប៉ុណ្ណោះ។

៤.អត់ធ្មត់ និងធ្វើឲ្យច្បាស់ថាអ្នកមានមូលនិធិគ្រប់គ្រាន់។ ស្ថាបនិក Over The Top SEO លោក Guy Sheetrit ធ្លាប់បាននិយាយថា ៖ ជាងពាក់កណ្តាលនៃអាជីវកម្មខ្នាតតូចដែលបរាជ័យទាំងស្រុងមិនអាចងើបឡើងវិញបានគឺដោយសារមិនមានថវិកាបម្រុងគ្រប់គ្រាន់។បរាជ័យកើតឡើងភាគរយច្រើនជាងជោគជ័យ ដូចនេះសាមញ្ញបំផុតគឺគ្រោងថវិការបស់អ្នកឲ្យបានច្រើន ដែលអាចធានាបានថាអាចដំណើរការអាជីវកម្មថ្មីមួយនេះបានយូរបំផុត។

៥.កុំផ្តោតតែទៅលើការលក់ពេក។ លោក David Newman ជាអ្នកនិពន្ធ និងលក់សៀវភៅ Do It! Marketing ដាច់បំផុត ដោយលោកធ្លាប់និយាយថា ៖ ម្ចាស់អាជីវកម្មភាគច្រើនផ្តោតតែទៅលើម៉ាឃីតធីងរបៀបលក់ឲ្យបានច្រើន ប៉ុន្តែខកខានមិនបានពិចារណាពីអ្វីដែលអតិថិជនចង់បាននោះទេ។ដូចនេះជាជាងប្រឹងប្រែងលក់អ្នកគួរធ្វើឲ្យផលិតផលរបស់អ្នកមានតម្លៃមានផលប្រយោជន៍ និងលទ្ធផលជូនអតិថិជន។

៦.ដោះស្រាយបញ្ហា គឺជាការលើកឡើងដោយស្ថាបនិក ClickMeeting លោក Simon Grabowski ដែលធ្លាប់បាននិយាយថា ៖ ខ្ញុំចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំក្រោយពេលដែលខ្ញុំចង់ធ្វើយ៉ាងណាអាចបញ្ជូនសារដោយស្វ័យប្រវត្តិទៅកាន់អតិថិជនរបស់ខ្ញុំ។ ដូចនេះខ្ញុំក៏ចាប់ផ្តើម GetResponse ហើយជាលទ្ធផលខ្ញុំអាចរកអតិថិជនបានទៅដល់ 350,000 ក្នុងដៃ ហើយក៏ចាប់ផ្តើមបើកអាជីវកម្មថ្មីមួយទៀត ClickMeeting ក្នុងមូលដ្ឋានស្រដៀងគ្នា ហើយបច្ចុប្បន្នមានអតិថិជន 100,000 មកពី 160 ប្រទេស។ ដូច្នេះ អ្នកត្រូវតែស្វែងរកដំណោះស្រាយទៅនឹងបញ្ហាណាមួយដែលបានកើតឡើងជាចាំបាច់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner