ឯកឧត្តម ព្រុំ សុខា ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប បន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប ឱ្យបន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព ជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងឱវាទមន្ទីរ បន្តបេសកកម្មរបស់ខ្លួន បំរើសេវារបស់ខ្លួនជូនដល់បណ្តា ស្ថាប័នមន្ទីរ អង្គភាព នានាឱ្យមានប្រសិទ្ឋភាព និងប្រកបដោយភាពសក័្តសិទ្ឋស្របតាមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកំពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈ ដ៏មានប្រសិទ្ធភាពដែលបម្រើ ប្រជាជនឲ្យកាន់តែប្រសើរឡើង គឺមិនមែនត្រឹមតែជាការប្រាថ្នារបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេតែក៏ជាសេចក្តីរំពឹងចង់បានរបស់ប្រជាពលរដ្ឋផងដែរ។

នេះបើតាមប្រសាសន៍ ឯកឧត្តម ក្នុងឱកាសចុះសួរសុខទុក្ខងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅមន្ទីរ  មុខងារសាធារណៈខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរមុខងារសាធារណៈ ខេត្តសៀមរាប ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា រួមគ្នាអនុវត្តន៍បានយ៉ាងមានប្រសិទ្ឋភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងពេលកន្លងមកប្រកបដោយប្រសិទ្ឋភាព ឈរលើស្មារតីមនសិការ សាមគ្គីភាព។

ឯកឧត្តម រំលឹកឡើងថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើកំណែទម្រង់រដ្ឋយ៉ាងទូលំទូលាយ និងស៊ីជំរៅលើគ្រប់វិស័យ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរីចំរើនឥតឈប់ឈរប្រកបដោយចរភាព និងសមធម៌ និងលើកស្ទួយកិត្តិនុភាពកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានរឹងមាំ និងរាំងស្កាត់ឩបាយកលរបស់មជ្ឈដ្ឋានអគតិនានា ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់បានយ៉ាងទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម ព្រុំ សុខា ក៏បាន ជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប ត្រូវបន្តបេសកកម្មរបស់ខ្លួនដោយឈរលើទស្សនៈ សំខាន់គឺ ប្រសិទ្ឋភាពការងារ និងសាកសិទ្ឋភាព ដែលត្រូវបន្តអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ នៃរដ្ឋសភា បន្តការយកចិត្តទុកដាក់ជួយដោះស្រាយការលំបាក ឬ បញ្ហាប្រឈមនានា ជូនដល់អង្គភាព ដោយមិនប្រកាន់បក្សពួក ដើម្បីជាការឆ្លើយតបចំពោះការជឿជាក់របស់មន្ត្រីក្រោមឱវាទ។

ឯកឧត្តម  រដ្ឋមន្ត្រី ក៏បានណែនាំ និង ផ្តាំផ្ញើដល់មន្ត្រីរាជការ មន្ទីរមុខងារសាធារណៈខេត្តសៀមរាប  ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងធ្វើការគ្រប់គ្រង ដោយសមធម៌ចំពោះមន្ត្រីក្រោមឱវាទ និងមានការទំនាក់ទំនងសហការល្អជាមួយ បណ្តាមន្ទីរ អង្គភាពនានា ឈរលើអាកប្បកិរិយាទន់ភ្លន់តែម៉ឹងម៉ាត់ចំពោះការងារ និង ត្រូវ យកចិត្តទុកដាក់ក្នុងការធ្វើអនាម័យ ថែទាំសុខភាពផ្ទាល់ខ្លួនគ្រប់ពេលវេលា ក្នុងការបង្ការ ការពារវីរុសកូវិដ១៩ និង កាត់បន្ថយនិងចៀសវាងការជួបជុំ ប្រមូលផ្តុំ នៅក្នុងពិធីផ្សេងៗ  ជាពិសេសត្រូវអនុវត្តន៍ ឱ្យបាននូវការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍យើង។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ថវិកាចំនួន ២ លានរៀល លើកទឹកចិត្តដល់មន្ទីរមុខងារសាធារណៈខេត្តសៀមរាបផងដែរ។

បើតាមរបាយការណ៍របស់លោក នួន សុខុម ប្រធានមន្ទីរមុខងារសាធារណៈខេត្តសៀមរាប បង្ហាញអំពីវឌ្ឍនភាពលើការអុវត្តការងារទៅតាមតួនាទីភារកិច្ច ការងារគ្រប់គ្រងមន្ត្រីរាជការ ការងាររដ្ឋបាលហិរញ្ញវត្ថុ ការងារក្របខ័ណ្ឌនិងបណ្តុះបណ្តាល ជាដើម។ល។និយាយជារួមការងារក្នុងមន្ទីររយៈពេលកន្លងមករហូតដល់បច្ចុប្បន្ន បានប្រព្រឹត្តិនិងដំណើរការទៅដោយរលូនពុំមានបញ្ហាប្រឈមអ្វីគួរឱ្យកត់សំគាល់ឡើយ មន្ត្រីមានវិន័យការងារ សេចក្តីថ្លៃថ្នូរ មនសិការការងារ ការទទួលខុសត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ។ បច្ចុប្បន្នមន្ទីរមុខងារសាធារណៈខេត្តសៀមរាប មានមន្ត្រីរាជការចំនួន៣៣នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន៥នាក់។

ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅមន្ទីរមុខងារសាធារណៈខេត្តសៀមរាបនារសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ក្រោមវត្តមានចូលរួមពីក្រុមប្រតិភូក្រោមឱវាទក្រសួងមុខងារសាធារណៈ ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សំរិទ្ឋ អភិបាលរងខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងវត្តមាន ប្រធាន អនុប្រធាន និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តជាច្រើនទៀតផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner