សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារ ទីស្តីការថ្មី និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគារទីស្តីការថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយ វិថី៥៩៨ «វិថីជាសុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ។ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និង បណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារ ដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញ ផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញ គ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា អគារទីស្តីការថ្មីរបស់ក្រសួង ក៏បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពល ប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់ បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសាងសង់អគារនេះឡើង ក្នុងគោលបំណងបង្កើតកន្លែងផ្តល់ សេវាសាធារណៈពាក់ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ នៅក្នុងក្រសួងផ្ទាល់។ បន្ថែមពីលើនោះ ដើម្បី ផ្តល់ជាទីតាំងមួយមានផាសុខភាពសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការបម្រើការងារកាន់តែល្អប្រសើរជូនប្រជា ពលរដ្ឋ។ ដោយឡែកអគារវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មាន បន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លាន ដុល្លារអាមេរិក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើ ជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា « កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលថ្មីលើទឹកដីសន្តិភាពដែលលេចចេញជារូបរាងឡើងនេះ គឺជា ចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ។

ជាមួយនឹងសារជូនពរឆ្នាំថ្មីឆ្នាំ ២០២១ សម្ដេចបានបញ្ជាក់ថាការជួបជុំថ្ងៃនេះ គឺជាការសាកល្បងមួយតាមគន្លងថ្មីនោះគឺការរៀបចំតាមរបៀបពីទីមួយ គឺការជួបជុំនៅទីវាល និងទីពីរគឺការជួបជុំនៅក្នុងអគារ។ ប៉ុន្តែសម្ដេចបានបញ្ជាក់ថា ការជួបជុំនៅថ្ងៃនេះគឺប្រៀបបានជាសមយុទ្ធមួយតាមគន្លងថ្មីក្នុងដំណាក់កាលកូវីដ ដោយប្រើវិធានសុខាភិបាលរក្សាគម្លាត។ សម្ដេចបន្តថា ថ្ងៃនេះយើងពិតជាមានការរីករាយរួមគ្នា នោះគឺការប្រកាសបើកដាក់ឲ្យប្រើប្រាស់នៅផ្លូវពីរខ្សែបន្ថែមទៀតនៅរង្វល់មូលចោមចៅដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ហើយជាមួយនេះដែរសម្ដេចក៏បានកោតសរសើរចំពោះក្រសួងសេាធារណៈការ និងជញ្ជូន នោះគឺជាការបង្កើតនូវផលថ្មីមួយទៀតហើយតាមរយៈនោះសម្ដេចបានបញ្ជាក់ថាទីតាំងចាស់របស់ក្រសួង និងផ្ទេរទៅឲ្យទីស្តីការក្រសួងរ៉ែ និងឋាមពល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការដោះដូរនេះ គឺជាការដោះដូរតំណប្រវត្តិសាស្ត្រដែលប្រទេសយើងជួបប្រទះនូវសង្គ្រាមដែលត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់ក្នុងនោះប៉ុលពតបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរួមមានក្រសួងស្ថាប័នរដ្ឋទាំងសាសនាកងកម្លាំងប្រដាប់អាវុធលុយកាក់ប្រាក់រៀលគឺគ្មានអ្វីៗទាំងអស់ ខុសពីប្រទេសនាៗជិតខាងយើង ហើយជាពិសេស គឺក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ទីក្រុងភ្នំពេញរបស់យើងនេះគឺមានមនុស្សតែ ៧០នាក់ប៉ុណ្ណោះ ក្រៅពីនោះ គឺគំនរផេះផង់ដែលយើងត្រូវរៀបចំឡើងវិញទាំងស្រុង ដោយបានរៀបចំទីក្រុង និងប្រទេសនេះឡើងវិញតាមរយៈមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ។

ជាមួយនោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីប្រវត្តិនៃការកសាងប្រទេសឡើងវិញជាពិសេស គឺក្រសួងសាធារណការ និងដឹកជញ្ជូន, សម្ដេចក៏បានសំដែងការអរគុណ និងថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរហូតដល់បច្ចុប្បន្ន គឺយើងមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីកសាងប្រទេសរបស់យើង ។

ជាមួយកន្លែងថ្មីនេះ សម្ដេចតេជោថា មិនមែនកន្លែងល្អសំខាន់ទេ ប៉ុន្តែសំខាន់លើប្រសិទ្ធភាពវានៅកន្លែងណា? ដូច្នេះត្រូវរកឲ្យឃើញមុខងារ និងភារកិច្ចដែលយើងធ្វើ ជាមួយនឹងសមត្ថភាពធនធានមនុស្សនៅមានកម្រិតរបស់យើង ដែលយើងត្រូវតែរកវិធីបណ្ដុះបណ្ដាលឱ្យកើនឡើង។ ចំណុចនេះ សម្ដេចរំលឹកបន្ថែមថា មានកន្លែងដែលល្អកាន់តែធ្វើឲ្យមានប្រសិទ្ធភាព ហើយធ្វើអោយមានទំនើបកម្ម ។

សម្ដេចបន្តថា ទីក្រុងរបស់យើងបានពង្រីកពី ៣០០គីឡូម៉ែត្រការ៉េឡើងរហូតទៅដល់ជាង ៤០០ គីឡូម៉ែត្រការ៉េ។ ជាមួយនេះ សម្ដេចបានធុញទ្រាន់នឹងអ្នកមួយចំនួនដែលតែងតែលើកថាមានការលុបបឹងនេះបឹងនោះប៉ុន្តែតើយើងគួរដឹងថាពីមុនគេលុបបឹងត្របែកបឹងកេងកងបឹងរាំងគេលុបបាន តើសម្តេចមិនអាចលុបបាន ដើម្បីធ្វើការអភិវឌ្ឍ ហើយហេតុអី្វក៏សម្ដេចធ្វើមិនបាន? ប៉ុន្តែ យើងក៏ត្រូវសិក្សាអំពីមុខទឹក ដើម្បីកុំឱ្យមានការលិចលង់។

សម្ដេចបានបញ្ជាក់ថា សម្ដេចនៅតែបន្តពង្រីកទីក្រុងនេះ និងបន្តការអភិវឌ្ឍមកកាន់ទីនេះ ហើយសម្ដេចបានបញ្ជាក់ថា មានតែអ្នកឈ្នះទេដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ ។ សម្ដេចថាពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ វាមិនដូចគ្នាទេ យើងត្រូវតែដឹងអំពីប្រវត្តិសាស្រ្ត។

សម្ដេចក៏បានរំឭកឲ្យក្រឡេកមើលប្រវត្តិសាស្ត្រពីអតីត ស្ដេចខ្មែរតាំងពីព្រះបាទអង្គឌួង និងជាបន្តបន្ទាប់រហូតដល់សម្ដេច នរោត្ដម សីហនុ ឆ្នាំ ១៩៦០ ដែលមានពេលខ្លះប្រវត្តិសាស្រ្តខ្មែរទឹកដីខ្មែរ នៅពេលខ្លះខ្មែរមានមនុស្សជាង១លាននាក់ប៉ុណ្ណោះ ហើយព្រះបាទអង្គឌួង ក៏បានខិតខំរំដោះប្រទេសឡើងវិញ។ ជាមួយនេះ សម្ដេចបានបញ្ជាក់ទៅអ្នករិះគន់មួយចំនួនថា សម្ដេចបានខិតខំការពារទឹកដីដែលខ្មែរនៅសល់តែប៉ុណ្ណោះ។ ជាក់ស្ដែង ការអភិវឌ្ឍប្រទេសពិតប្រាកដ គឺយើងទើបតែមានសន្តិភាពពេញលេញតែជាង ១០ឆ្នាំប៉ុណ្ណោះ ពោលគឺក្រោយបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨។ សម្ដេចថា អ្វីៗដែលអ្នកវិភាគ អ្នករិះគន់ទាំងឡាយ ត្រូវតែយល់ថា បើមិនស្គាល់ហ៊ុនសែន ដូចខ្មែរមិនស្គាល់ស្ករត្នោត។

ថ្លែងទាក់ទងទៅនឹងបញ្ហាវាក់សាំងសម្ដេចបានបញ្ជាក់ជូនជនរួមជាតិថាមុននេះសម្ដេចបាននិយាយថាយើងទទួលយកតែវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកបានប៉ុណ្ណោះ។ប៉ុន្តែក្រឡេកទៅមើលម្ខាងទៀតប្រទេសមួយចំនួនធំបានប្រើប្រាស់វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួននិងលក់វ៉ាក់សាំងទៅក្រៅប្រទេសដូចនេះក្នុងស្ថានភាពបែបនេះយើងមិនអាចរង់ចាំតទៅទៀតទេ។យើងត្រូវទាក់ទងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃនិងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ដំបូងយើងឱ្យសម្ដេចពិជ័យសេនាធ្វើលិខិតទៅសាធារណរដ្ឋប្រជាមានិតចិន។ ចិនបានផ្ដល់ឱ្យយើងមួយលានដូរហើយថ្ងៃម្សិលមិញនេះសម្ដេចបានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតចិនបន្ថែមទៀតរិះរកមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងពីចិនបន្ថែមទៀតដជាជំនួយឥតសំណង ឬការប្រើប្រាស់លុយជាជំនួយរបស់ចិនយកទៅទិញវ៉ាក់សាំងចិនវិញ ឬក៏ជាកម្ចីរបស់ចិនទិញវ៉ាក់សាំងរបស់ចិនវិញ និងប្រើប្រាស់ប្រាក់របស់យើងទៅទិញវ៉ាក់សាំងរបស់ចិន យើងនឹងប្រើស៊ីណូហ្វាមនិងស៊ីណូវាក់។ ជាមួយនេះយើងក៏បញ្ជាទិញពីកូរ៉េខាងត្បូងនិងអង់គ្លេស ដោយប្រើប្រាស់ធនាគារអភិវឌ្ឍន៍ធនាគារអភិវឌ្ឍន៍អាស៊ី ដូច្នេះយើងមានជម្រើសច្រើនដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើង ដើម្បីធានាថាប្រទេសរបស់យើងជាប្រទេសមានសុវត្ថិភាពអាចទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញនិងទាក់ទាញអ្នកវិនិយោគទុន។

តាមរយៈវេទិការនេះ សម្តេចតេជោ បានប្រកាសថានៅពេលដែលវ៉ាក់សាំងមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង សម្តេច នឹងចេញទៅទទួលខ្លួនឯងដោយផ្ទាល់នៅព្រលានអន្តរជាតិភ្នំពេញ ព្រោះនេះ យើងចាត់ទុកជាទំនិញយុទ្ធសាស្ត្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ ពិតមែនហើយ មានការធ្វើសម្ភាសន៍សម្តេច ក៏ស្ដាប់ឮ សម្តេចក៏អរគុណអ្នកដែលថាចង់ទទួល ហើយក៏អរគុណអ្នកដែលមិនចង់ទទួល ព្រោះសម្តេច បានប្រើហើយភាសាថា ចាក់មិនគិតថ្លៃ និងចាក់ដោយស្ម័គ្រចិត្ត ដូច្នេះអ្នកដែលចង់ចាក់ក៏ចាក់ទៅ អ្នកដែលមិនចង់ចាក់ក៏មិនចាក់ទៅ។ ដូចនេះ សម្ដេចថា យើងរង់ចាំមើលអ្នករិះគន់ទាំងឡាយចំពោះការប្រើប្រាស់វ៉ាក់សាំងចិន ចុះបើយើងប្រើប្រាស់វ៉ាក់សាំងកូរ៉េ វាក់សាំងអង់គ្លេសតើវាយ៉ាងម៉េចទៅវិញ?។

សម្តេចថា សម្ដេចនឹងធ្វើចាក់វាក់សាំងមុនគេដែលរៀបចំចាក់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដងជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតដើម្បីផ្ញើសារជូនជនរួមជាតិអំពីការចាក់វាក់សាំងដំបូក ៥០ ម៉ឺននាក់ដំបូង។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នៅតែអំពាវនាវបន្តការពារកុំឱ្យចូលសហគមន៍ ដោយពាក់ម៉ាស លាងដៃ រក្សាគម្លាត និងជៀសវាងកុំទៅកន្លែងណាដែលមានមនុស្សច្រើន ៕ ដោយលោក ព្រហ្ម វិចិត្រសុភា និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner