អភិបាលខេត្តស្ទឹងត្រែង បានចុះចែកគ្រាប់ពូជ និងជីថែទាំដំណាំកសិកម្ម ដល់ប្រជាកសិករជិត ៣០០គ្រួសារ នៅក្នុងស្រុកមួយដែលធ្លាប់រងគ្រោះ ដោយជំនន់ទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សានាពេលកន្លងមក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋជិត ៣០០គ្រួសារ ដែលធ្លាប់រងគ្រោះ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំកន្លងទៅ ខណៈនេះទទួលបានការយកចិត្តទុកដាក់ ដោយទទួលបានគ្រាប់ពូជ និងជីកសិកម្ម ពីអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន តាមរយះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី២៧ឧសភាឆ្នាំ២០២០ នៅក្នុងឃុំចំនួន៣ នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

យោងរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្ហាញថា ពូជដំណាំកសិកម្ម ដែលបាននាំយកមកផ្តល់ជូន ប្រជាកសិករមកពីឃុំចំនួន ៣ គឺឃុំអូរឬស្សីកណ្តាល ឃុំអូរម្រះ និងឃុំស្រែក្រសាំង ស្ថិតក្នុងស្រុកសៀមបូក ដែលជាសមាជិកបណ្តុំអាជីវកម្ម មានចំនួន ២២៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានពូជកូនស្វាយចន្ទី ៧០ដើម, ជីកសិកម្ម ៥គីឡូក្រាម, ពូជក្រូចពោធិ៍សាត់ ១០ដើម ពូជដំឡូងមី ១២បាច់ និងថ្នាំបាញ់ស្មៅ ៤ដប ថែមទៀតផង។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ពិធីចែកពូជសា្វយចន្ទី ដំឡូងមី ក្រូច និងជីកសិកម្ម នៅក្នុងពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយបានចូលរួមចំណែក ជាមួយបងប្អូនប្រជាកសិករ ដែលនឹងទទួលបាននូវពូជថ្មី ធន់នឹងជម្ងឺ និងផ្តល់ទិន្នផលច្រើន និងជួយដល់បងប្អូនកសិករ ក្នុងការចំណាយទិញពូជ និងធ្វើអោយពួកគាត់ទទួលបានប្រាក់ចំណូល មានការកើនឡើងជាងពេលមុនៗ ។

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរកសិកម្មទាំងអស់ ចូលរួមដាំដំណាំកសិកម្មទាំងនេះ អោយបានផុលផុសជាងពេលមុន ព្រោះថា ទីផ្សារចំពោះដំណាំទាំងអស់នេះ គឺមានភាពសំបូរបែប។ ម្យ៉ាង ដើម្បីទប់ស្កាត់ជាមួយបញ្ហាវិបត្តិសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលកំពុងកើតមាន ស្ទើរនៅទូទាំងពិភពលោក ដោយសារការរីករាលជំងឺកូវីដ១៩។ លោកបានណែនាំដល់ប្រជាកសិករ ត្រូវថែទាំសុខភាពអោយបានល្អ និងបង្កើនការអនាម័យអោយបានខ្ពស់ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner