សម្ដេចតេជោ បានផ្ដល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៨ខ្នង ស្មើ៨គ្រួសារ រស់នៅស្រុកគាស់ក្រឡ ឯកភ្នំនិងក្រុងបាត់ដំបង-ខេត្តបាត់ដំបង តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម

  នៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ និងតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់នូវផ្ទះចំនួន ៨ខ្នង ដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងគ្រួសារ ។

       ថ្លែងក្នុងពិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនទាំង៨គ្រួសារដែលមកពីស្រុក-ក្រុងចំនួន៣ រួមមាន៖ ស្រុកគាស់ក្រឡ ស្រុកឯកភ្នំនិងក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា បានថ្លែងថា៖ នៅខេត្តបាត់ដំបង មានអតីតយុទ្ធជនកំពុងជួបការលំបាកក្នុងជីវភាព និងទទួលបានផ្ទះកន្លងមកនេះមានរហូតមកដល់ជាង ២០០ខ្នង។ខណៈដែលកំពុងតែសាងសង់ជាបន្តជាង៧០ខ្នងទៀតសម្រាប់ប្រគល់ជូនដល់ពួកគាត់ទាំងនោះ ។

     ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ក៏បានបន្តទៀតថា៖ នៅខេត្តបាត់ដំបងនេះ ក្រៅពីប្រគល់និងផ្ទល់ផ្ទះ អាជ្ញាធរខេត្ត ក៏បានត្រៀមរួចរាល់ហើយនូវដីចំនួន២០០ហិកតាសម្រាប់ជួយដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពនិងមានការខ្វះខាតខ្លាំង ចំនួន២០០គ្រួសារ នឹងមានការរៀបចំចាប់ឆ្នោត នៅពេលខាងមុខនេះផងដែរ ។

       ក្នុងនាមតំណាងប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ  និង សមាគមអតីតយុទ្ធជន ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនក្នុងការផ្ដល់នូវផ្ទះជូនដល់អតីតយុទ្ធជនទាំងនេះ បានរស់នៅសមរម្យ ព្រមទាំងបានផ្តល់នូវសម្ភារៈថវិកា សម្រាប់ពួកគាត់បានប្រើប្រាស់ ផងដែរ ។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសន្យាបន្តចូលរួមជាមួយអតីតយុទ្ធជន ក្នុងការកៀរគរសប្បុរសជន ឲ្យចូលរួមក្នុងការងារជួយដល់អតីតយុទ្ធជនដែលមានការលំបាកក្នុងគ្រួសារទាំងនោះបន្ថែមទៀតទៅតាមលទ្ធភាពជាក់ស្ដែង។

      ថ្លែងសង្កត់ធ្ងន់ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ត្រូវធ្វើការអប់រំណែនាំកូនចៅ ត្រូវចេះខ្លាចសង្គ្រាម និងរួមគ្នាថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង់។ សន្តិភាព ដែលកម្ពុជាខិតខំរកបានដោយលំបាកតាមរយៈនូវការបូជាសាច់ស្រស់ឈាមស្រស់របស់

វីរៈជនយុទ្ធជន វីរៈយុទ្ធនារីនៃកម្ពុជាយើង។ ហើយសូមឲ្យអតីតយុទ្ធជនទាំងអស់ត្រូវខិតខំថែរក្សានូវសុខភាព ជាពិសេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19និងត្រូវរស់នៅតាមវិធានសុខា ភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានជាប់ជាប្រចាំ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner