សិង្ហបុរី៖តម្លៃផ្ទះឯកជនកើនឡើង 2.2 ភាគរយទោះបីមានបញ្ហាកូវីដក្តី

បរទេស៖ យោងតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យសិង្ហបុរីបាននិយាយថា តម្លៃផ្ទះឯកជនកាលពីឆ្នាំ2020 នៅក្នុងប្រទេសបានកើនឡើង 2.2 ភាគរយធៀបទៅនឹងឆ្នាំ 2019ទោះបីជាកូវីដបានវាយប្រហារមកលើសេដ្ឋកិច្ចស្ទើរពេញមួយឆ្នាំទៅហើយក្តី។ ទោះជាបែបនេះក្តី បើយើងងាកទៅប្រៀបធៀបកំណើនកាលពីឆ្នាំ2019 តម្លៃផ្ទះនៅសិង្ហបុរីមានចំនួនតិចជាងបន្តិចដោយអត្រាកំណើននៃតម្លៃផ្ទះកាលពី
ឆ្នាំ2019 មុនពេលដែលកូវីដមានវត្តមានគឺមានទៅដល់ 2.7 ភាគរយ។

យោងតាមការទិន្នន័យដែលបានបង្ហាញដោយអជ្ញាធរជាតិអភិវឌ្ឍន៍ជនបទ ឬ URA តម្លៃផ្ទះរបស់សិង្ហបុរីបានកើនឡើងប្រមាណជា 2.1 ភាគរយសម្រាប់ត្រីមាសទី4ចុងក្រោយនៃឆ្នាំ2020 ប្រៀបធៀបទៅនឹងអត្រាកើនឡើងកាលពី 3 ខែមុន មានអត្រាកើនឡើងប្រមាណជា 0.8 ភាគរយសម្រាប់ត្រីមាសទី3 នៃឆ្នាំ2020។

តាមការបញ្ជាក់របស់អ្នកនាង Christine Sun អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារស្រាវជ្រាវ និងវិភាគនៃក្រុមហ៊ុន OrangeTee បាននិយាយថាទីផ្សារអចលនទ្រព្យនៅលើសកលលោកគឺមិនមានកំណើនខ្លាំងឡើយក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងខូចខាតបែបនេះគឺមានតែនៅក្នុងតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក កាណាដា អ៊ឺរ៉ុប ចិន និងអូស្ត្រាលី។

ដោយឡែកសម្រាប់តម្លៃនៃផ្ទះស្នាក់នៅប្រភេទដែលមិនជាប់ដី ឬ Non-landed ដូចជាអាផាតមិន ឬខុនដូជាដើមគឺមានអត្រាកើនឡើង 3 ភាគរយកាលពីត្រីមាសចុងក្រោយឆ្នាំ2020 ដែលធ្វើឲ្យអត្រាកំណើតប្រចាំឆ្នាំមានប្រមាណជា 2.5 ភាគរយ។

តួលេខសម្រាប់ឆ្នាំ2020 បានបង្ហាញដែរថា ចំនួនផ្ទះសរុបដែលបានលក់មានទៅដល់ 9,982 (មិនគិតបញ្ចូលប្រភេទខុនដូប្រណិត)ធៀបទៅនឹងឆ្នាំ2019 ដែលមានត្រឹមតែ 9,912 ត្រូវបានលក់ចេញ ហើយសម្រាប់ខុនដូប្រណិតវិញគេអាចលក់បានដល់ទៅ 958 យូនីតក្នុងឆ្នាំ2020 ធៀបទៅនឹងឆ្នាំ2019 ដែលមានត្រឹម505 យូនីតប៉ុណ្ណោះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner