រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផ្តល់អនុសាសន៍ដល់ភាគីផ្សារកសិផល និងចំណីអាហារ (FAM) និងក្រុមហ៊ុន លី លី (LYLY)រក្សាឱ្យបាន នូវ និរន្តរភាព ទាំងបរិមាណ និងគុណភាព

អត្ថបទដោយ៖
ជា សេឌី

នៅសណ្ឋាគារ អេមព្រីស អង្គរខេត្តសៀមរាប  មានធ្វើពិធីចុះហត្ថលេខាលើអនុស្ស រណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងផ្សារកសិផល និងចំណីអាហារ (FAM) និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ុនដាសទ្រី ខូ អិល ធីឌី (LYLY) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តតមនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប  ។ 

ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍មួយចំនួនជំរុញ ឲ្យភាគីទាំងពីរសហការគ្នា ដើម្បីធ្វើឲ្យដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិពាណិជ្ជបន្លែ រក្សាឲ្យបាននូវនិរន្តរភាព ទាំងបរិមាណ និងគុណភាព ។ ភាគីទាំងពីរត្រូវមានការចែករំលែកនូវព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគី ពាក់ព័ន្ធនានា ដើម្បីធ្វើការដោះស្រាយនូវរាល់បញ្ហានានាដែលអាចកើតមានឡើងក្នុងដំណើរការនៃការ ផ្គត់ផ្គង់ និងបញ្ជាទិញ និងត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រចំពោះផលិតផលដែលមានគុណភាព សុវត្ថិភាព ដែលកសិករផលិតបាន » ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ការសហការគ្នាក្នុងការ ការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ – ពាណិជ្ជកម្ម បន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នា ក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះនៅក្នុងទីផ្សារ កាន់តែមានភាពរីកចំរើនមួយកម្រិតទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ក៏ប៉ុន្តែការផ្គត់ផ្គង់ ដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត ខណៈពេលដែល កសិករជួបប្រទះនូវភាព មិនប្រាកដប្រជានៃតម្លៃកសិផលដែលផលិតបាន ។

ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ ទាក់ទងជាមួយការធ្វើឱ្យប្រសើរឡើងនូវការ   តភ្ជាប់រវាងការផលិតនឹងទីផ្សារតាមរយៈគម្រោងជម្រុញទីផ្សារសំរាប់ កសិកម្មខ្នាតតូច (AIMS) ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអន្តរជាតិសម្រាប់ ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដែលមានក្រសួងពាណិជ្ជកម្មជាស្ថាប័នអនុវត្តគម្រោង ដោយផ្តោតលើផលិតផល សំខាន់ៗ ចំនួន០៥មុខ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និង សូត្របៅ ហើយបាននិងកំពុងអនុវត្តន៍ នៅក្នុងខេត្តគោលដៅចំនួន១៨ ចែកចេញជាបីមណ្ឌលភូមិភាគគឺ មណ្ឌលភូមិភាគនិរតី បណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលខេត្តសៀមរាបស្ថិតនៅក្នុងមណ្ឌលភូមិភាគនេះ។ ទន្ទឹមនឹងនេះប្រទេសកម្ពុជាក៏មានសក្តានុពល ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ពិសេស ទីផ្សារអឺរ៉ុប អាម៉េរិក និងអាស៊ី ហើយផលិតផលដែលកែច្នៃពីផលិតផលកសិ-ពាណិជ្ជកម្មបន្លែ គឺជា ផលិតផលដែលកម្ពុជាមានលទ្ធភាពក្នុងការពង្រីកបន្ថែមទៅលើបណ្តាមុខទំនិញជាច្រើនក្រៅពី អង្ករ ម្រេច សំលៀកបំពាក់ ស្បែកជើង កាបូប និងកង់ជាដើម ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner