ឯកឧត្តម វេង សាខុន អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងមន្រ្តីជំនាញបានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ។

លោក ភិរម្យ (លេខទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ភិរម្យ ប្រកាន់ យករបរចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។ បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ។

ឆ្លៀតយកឱកាសនេះ ចេញពីកសិដ្ឋានលោក ភិរម្យ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវ គាំទ្រ និងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជាត្រូវបន្តរក្សា និងខិតខំពង្រឹង ពង្រីកមុខរបរនេះបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តន៍បច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជា បើអាចរៀបចំកន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បីទទួលបានព័ត៌មានទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ និងឈានទៅបង្កើតកន្លែងកែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់ បន្ថយហានីភ័យដោយសារបរិមាណផលិតលើសពីតម្រូវការ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារបញ្ជា ទិញនាពេលអនាគត ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner