ចាយពេលកន្លះថ្ងៃ ដើរមើលវត្ត៤ក្នុងក្រុងសៀមរាប

អត្ថបទដោយ៖
AMS

វត្តទាំង៤ ដែលនឹងត្រូវលើកយកមកណែនាំនៅក្នុងអត្ថបទនេះ គឺស្ថិតនៅកណ្តាលក្រុងសៀមរាបតែម្តង ហេតុនេះហើយ អ្នកមិនចំណាយពេលច្រើនសម្រាប់ការទស្សនាវត្តដ៏ស្រស់ស្អាតទាំងនេះឡើយ។

សូមត្រៀមសម្លៀកបំពាក់សមរម្យសម្រាប់ដំណើរទស្សនារបស់អ្នក ទោះបីមិនមែនជាពិធីបុណ្យសាសនាក៏ដោយ តែមិនថាយ៉ាងណាត្រូវតែសម្តែងនូវការគោរពដល់សាសនារបស់យើង។

វត្តរាជបូណ៌
មើលពីចម្ងាយពីផ្លូវចុះមកខាងកើតស្ទឹងតាមស្ពានវត្តបូព៌ អ្នកនឹងចាប់អារម្មណ៍ឃើញមានកំពូលវិហារពណ៌រាងទឹកក្រូច ស្រដៀងនឹងកំពូលប្រាសាទអង្គរវត្ត នោះគឺជាវត្តរាជបូណ៌។ ជាមួយនឹងការអភិវឌ្ឍច្រើន អ្នកនឹងឃើញមានសំណង់វិហារថ្មីៗអមដោយការតុបតែងយ៉ាងទាក់ភ្នែក តែព្រះវិហារ និងខ្លោងទ្វារចំណាស់ក៏ត្រូវបានអភិរក្សទុកផងដែរ។

សូមទស្សនាឲ្យដល់ខ្លោងទ្វារខាងក្រោយ អ្នកនឹងឃើញមានរូបចម្លាក់បង្ហាញពីពុទ្ធប្រវត្តិផងដែរ…

វត្តដំណាក់
ក្រោមម្លប់ត្រឈឹងត្រឈៃនៃដើមឈើធំៗជាច្រើន រួមជាមួយនឹងវាលស្មៅខៀវខ្ចី ស្រស់ស្អាតប្លែកទៅតាមរដូវកាល ទីធ្លា និងការរចនាវត្តនេះក៏មានលក្ខណៈបុរាណ លាយសម័យដូចគ្នាដែរ។

Credit : Living + Nomads

មិនត្រឹមតែប៉ុណ្ណោះ នៅទីនេះ ក៏មានបណ្ណាល័យសាធារណៈដែលជាទីពេញនិយមសម្រាប់អ្នកស្រលាញ់ការអាន និងធ្វើការស្រាវជ្រាវតាមរយៈអំណាន។

Credit : The Center for Khmer Studies

វត្តព្រះព្រហ្មរ័ត្ន
នៅអមនឹងមាត់ស្ទឹងខាងលិច (ជាប់នឹង​ផ្សារអង្គរត្រេដសេនធ័រ ក្បែរផ្សារចាស់) ជាប់នឹងស្ពានថ្មមួយ អ្នកនឹងចាប់អារម្មណ៍ឃើញមានរបងវត្តដ៏មាំ និងប្រណិតមួយ។

រូបថតដកស្រង់ពី ៖​ ​ ហ្វេសបុកផេក​ My Past / អតីតកាល របស់ខ្ញុំ

វត្តព្រះព្រហ្មរ័ត្នមានការអភិវឌ្ឍ​ និងច្នៃប្រឌិតច្រើន រួមមានទាំងរូបចម្លាក់ប្រណិតៗជាច្រើននៅជុំវិញទីធ្លាខាងក្រៅ ព្រមទាំងមានព្រះវិហារមួយដ៏ធំបង្ហាញនូវពុទ្ធប្រវត្តិតាមរយៈរូបគំនូរ និងចម្លាក់ជុំវិញតែម្តង​ (ទាល់តែចូលទៅខាងក្នុងទើបឃើញថាអស្ចារ្យប៉ុណ្ណា)។

រូបថតដកស្រង់ពី ៖​ ​ ហ្វេសបុកផេក​ My Past / អតីតកាល របស់ខ្ញុំ

វត្តទេពពោធិវង្ស (ហៅវត្តថ្មី ឬវត្តក្បាលខ្មោច)
ដោយសារតែជាទីតាំងមួយដែលមានរឿងរ៉ាវជាច្រើនបានកើតឡើងកាលពីសម័យប៉ុនពត ទើបវត្តនេះត្រូវបានគេស្គាល់ថាជាទីកន្លែងប្រវត្តិសាស្ត្រមួយ ដែលអ្នកទស្សនាអាចស្វែងយល់អំពីព្រឹត្តិការណ៍ ក៏ដូចជាស្ថានភាពខ្លះៗដែលកើតមាននៅក្នុងសម័យនោះ តាមរយៈរូបគំនូរអមដោយការរៀបរាប់ដោយសង្ខេប សាលតាំងពិពរណ៍រូបថតស-ខ្មៅ អណ្តូងដាក់សាកសព (នៅរក្សារូបរាងដើមដល់សព្វថ្ងៃ) និងអ្វីដែលរឹតស្តែងៗនោះ គឺលលាដ៍ក្បាលជាច្រើនត្រូវបានតម្កល់ទុកនៅលើចេតិយមួយ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner