“យាត្រា០២ វិលត្រឡប់មកវិញជាមួយនឹងអ្វីកាន់តែថ្មី ក្នុងឆ្នាំ២០២១”

អត្ថបទដោយ៖
AMS

ក្រុមឡាឈូក (La Chhouk Recycled and Creative Fashion) នឹងវិលត្រឡប់មកជាថ្មីម្ដងទៀតជាមួយនឹងកម្មវិធីដើរម៉ូតកែច្នៃឡើងវិញទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ “យាត្រា០២” ដែលនឹងប្រារព្ធឡើងនៅHayatt Regency Phnom Penh នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ជាមួយនឹង Concepts ថ្មីប្រចាំឆ្នាំ។

អ្នកបង្ហាញម៉ូតចំនួនច្រើនជាងមុនរហូតដល់ ៤៦នាក់ រួមមានក្រុមអ្នកស្រឡាញ់ភេ​ទដូចគ្នា LGBTQr, Dag Queen នឹងបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់កែច្នៃពីប្លាស្ទិក បាវ និងកាកសំណល់មិនរលាយដទៃទៀត ចំនួនជាង៤០ឈុត​ នៅក្នុងកម្មវិធី “យាត្រា០២” ខាងមុខនេះ។  ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍គំនូរឌីជីថល រូបថត ផលិតផលផ្សេងៗពីសិល្បករយើងផងដែរ។

ការដើរម៉ូតសម្លៀកបំពាក់នេះគឺផ្តោតសំខាន់លើប្រធានបទចំនួន៤គឺ Khmer Art, Ready to wear, Avant Garde និង​ Colour។ ប៉ុន្តែអ្វីដែលប្លែកនិងលេចធ្លោក្នុងឆ្នាំនេះនោះគឺការនាំយកផ្ទាំងទស្សនីយភាព “សិល្បៈសៀកខ្មែរបុរាណ” មកបង្ហាញនៅលើឆាកបង្ហាញម៉ូតរបស់ខ្លួន។

លោក​​ អ៊ិត សុវណ្ណារាជ ស្ថាបនិករបស់ក្រុមឡាឈូក បានពន្យល់ពីហេតុផលនៃការជ្រើសរើស concept នេះថា៖ “សៀកខ្មែរ គឺជាគំនិតថ្មីដែលយើងអាចយកមកដាក់កបញ្ចូលជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់

កែច្នៃក្នុងឆ្នាំនេះ ដើម្បីបង្កើតជាចំណីអារម្មណ៍មួយដ៏ប្លែកជូនទស្សនិកជនទាំងអស់គ្នា ឲ្យស្គាល់ ពីភាពលេចធ្លោនៃសិល្បៈ មួយដែលគេមិនសូវបានផ្ដល់ចំណាប់អារម្មណ៍លើ។” កម្មវិធីបង្ហាញម៉ូត “យាត្រា០២” របស់ក្រុមឡាឈូក ត្រូវបានបង្កើតឡើងជាមួយគោលបំណងសំខាន់ធំៗចំនួន​៤ រួមមាន៖​  ការបង្កើនការយល់ដឹងដល់ប្រជាជនខ្មែរស្ដីពីការថែរក្សាបរិស្ថានតាមរយៈការទុកដាក់ និងការកែច្នៃសម្រាម ការលើកកម្ពស់វិស័យបង្ហាញម៉ូត ការផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ខ្មែរ នៅលើឆាកអន្តរជាតិ​ ជាពិសេសគឺការគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) ក្នុងប្រទេសកម្ពុជាផងដែរ។ ចំនែកឯថវិកានៅក្នុងឆ្នាំនេះ ក្រុមឡាឈូក នឹងយកទៅឧបត្ថម្ភការជីកអណ្ដូងទឹកនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយដល់ប្រជាជនក្នុងតំបន់ដែលជួបប្រទះការខ្វះខាតទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង។

ការរីករាលដាលនៃជម្ងឺកូវីដ១៩ បង្ករជាបញ្ហាលំបាកមួយចំនួនដល់ក្រុមឡាឈូក។ ប៉ុន្តែស្ថាបនិកវ័យក្មេងរូបនេះបានលើកឡើងថា៖ “យើងបានរៀបចំអនុវត្តវិធានការការពារជម្ងឺកូវីដ១៩ដល់ភ្ញៀវដែលនឹងចូលរួម។  ទោះបីជាលំបាកច្រើនជាងឆ្នាំមុនក្តី ទឹកចិត្តស្រឡាញ់ និងការគាំទ្រពីសំណាក់សាធារណៈជនជាកម្លាំងចិត្តឱ្យពួកយើងបន្តរៀបចំកម្មវិធីនេះឡើង។

ពួកយើងបានត្រៀមខ្លួនរួចរាល់ និងបេ្ដជ្ញាចិត្តថានឹងធ្វើ​ឱ្យយាត្រាកាន់តែអស្ចារ្យជាងឆ្នាំមុនទៀត។” គួររំលឹកផងដែរថាកាលពីឆ្នាំ២០២០ កម្មវិធីយាត្រារបស់ក្រុមឡាឈូកបានធ្វើឡើងនៅ The Factory Phnom Penh និងទទួលបានជោគជ័យយ៉ាងធំ ដោយមានអ្នកចូលរួមផ្ទាល់រហូតដល់ជាង ៤០០ នាក់ឯណោះ។

លោកក៏រំពឹងផងដែរថាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ឬអង្គការនានានឹងចូលរួមឧបត្ថម្ត ឬសហការជាមួយយាត្រា០២ ដើម្បីឱ្យកម្មវិធីដំណើរការទៅមុខដោយរលូន។ “យើងធ្វើនេះមិនមែនដើម្បីតែប្រយោជន៍ក្រុមឡាឈូកនោះទេ យើងធ្វើដើម្បីប្រយោជន៍រួម ជាពិសសេសយើងចង់លើកទឹកចិត្តឱ្យយុវជនខ្មែរដែលមានគំនិតបង្កើតថ្មីកុំបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួនបើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ”។

លោកបានបន្តថា៖ “យើងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមទស្សនា និងគាំទ្រកម្មវិធីយាត្រា០២របស់យើងក្នុងឆ្នាំនេះឱ្យបានច្រើនកុះករ”។

គួរបញ្ជាក់ផងដែរថា ឡាឈូកជាក្រុមបង្កើតឡើងពីនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៤ និងធ្លាប់មានវត្តមានបង្ហាញម៉ូតនៅកម្មវិធីធំៗដូចជាអង្គរសង្ក្រាន (២០១៧-២០១៨) កម្មវីធីអបអរខួបសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (២០១៤-២០១៨) និងកម្មវិធីធំៗជាច្រើនទៀត។

សម្រាប់ព័ត៍មានបន្ថែម ឬទំនាក់ទំនងបរិច្ចាគឧបត្ថម្ភទៅលោកអ៊ិត សុវណ្ណារាជ ស្ថាបនិកក្រុមឡាឈូក និងអ្នកសម្របសម្រួលកម្មវិធី «យាត្រា០២» តាមទូរស័ព្ទលេខ (+855) 10 918 485 អុីម៉ែល lachhouk.yeatraa@gmail.com ឬទំព័រហ្វេសបុក La CHHOUK Recycled & Creative Fashion។

អត្ថបទ៖​​​ ផ្ដល់ដោយ La CHHOUK Recycled & Creative Fashion

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner