ការប្រកួតកីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ អត្តពលិកចូលរួមបង្ហាញភាពលេចធ្លោខ្លាំង

អត្ថបទដោយ៖
សារ៉ាន ទីងី

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន នាព្រឹកថ្ងៃ ទី២៣ ខែ មករា ឆ្នាំ២០២១នេះ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលរៀបចំនៅខេត្តសៀមរាប អត្តពលិកចូលរួមប្រកួតប្រជែង គឺមានការកើនឡើងសមត្ថភាពយ៉ាងខ្លាំងបើធៀបនិងឆ្នាំមុនៗកន្លងទៅ។
អគ្គលេខាធិការខាងលើ អះអាងទៀតថា ការប្រកួតជើងឯកឆ្នាំ២០២០នេះ គឺជាការប្រកួតកម្រិតខ្ពស់មួយ ដើម្បីជ្រើសរើសកីឡាករការិនីឆ្នើមទាំង៧វិញ្ញាសា ជាកីឡាជម្រើសជាតិហ្វឹកហាត់បំប៉នត្រៀមចូលរួមប្រជែងមេដាយស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានមានប្រសាសន៌លើកឡើងថា នៅសល់ការប្រកួតជើងឯកថ្នាក់ជាតិត្រឹមតែ២ដង និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម មួយទៀតប៉ុណ្ណោះ នឹងដល់ពេលប្រទេសយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ហើយ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរគឺ៖ ទី១ ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី និងទី២ ការឈ្នះមេដាយគឺត្រឹមត្រូវយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួតឡើយ។

ឯកឧត្តម បានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតី កីឡាដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និងត្រូវមានការយោគយល់គ្នា គោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។ជាមួយគ្នានោះ ឯកឧត្តមប្រធាន ក៏បានស្នើដល់មន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

គួរបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយមានការចូលរួមពីឯកឧត្តម ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូប៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner