ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុក ការហ្វឹកហ្វឺន របស់កងយោធពលខេមរៈ ភូមិន្ទគឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិ បាលឱ្យទទួលបានជោគជ័យ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងដូចនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់)កំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
ឯកឧត្តម បានបន្តថា កម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឱ្យការហ្វឹកហ្វឺនទាំងអស់ត្រូវផ្តោតលើគុណភាពនៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាពក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។ ឯកឧត្តម បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង និងជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមធ្វើការកោតសរសើរ នាយឧត្តមសេនីយ៍កិតិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងដោះស្រាយ ច្នៃប្រឌិតជម្នះការលំបាកក្នុងការកសាង និងអភិវឌ្ឍ ប្រែមុខមាត់មជ្ឈមណ្ឌលបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ពីទីតាំងមួយដែលសំបូរទៅដោយកាកសំណល់ជាតិផ្ទុះបន្សល់ទុកដោយសារសង្គ្រាមឱ្យក្លាយទៅជាមូលដ្ឋានហ្វឹកហ្វឺនមួយដ៏សំខាន់ដោយមានសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើនដូចសព្វថ្ងៃនេះ សម្រាប់បំរើឱ្យការកសាងធនធានមនុស្សក្នុងកិច្ចការពារជាតិ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើរអោយបងប្អូនទំាងអស់ សូមបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺCovid19 នៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការ ការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ ព្រោះថាក្នុងពិភពលោកបច្ចុប្បន្ន ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះ យើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ៕ដោយ រ៉ាវុធ









