ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះមើលសកម្មភាពការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងខេត្តសៀមរាប ។
បន្ទាប់ពីពិនិត្យទិដ្ឋភាពជារួម នៃស្ថាបនាផ្លូវ៣៨ខ្សែនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសបញ្ជាក់ថា “ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរណ៍មកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩ ។
តាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក និងថវិកាជាង៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ។ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិ បាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និង ការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ ។ ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជម្រុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការ ជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
សូមជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះក្នុងការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងក្រុង សៀមរាប ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប