ក្រសួងកសិកម្ម ជំរុញគម្រោង និងលើកកម្ពស់ទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព
ភ្នំពេញ ៖ កម្មវិធីនៃគម្រោងធ្វើឱ្យល្អប្រសើរឡើងនៃការបង្កើនផលិតផលកសិកម្មដូចជា បន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភដំណាក់កាលទី៣ (CHAIN Phase III) ក្រោមកិច្ចប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្មជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) កំពុងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាទទួលបានភាពរីកចម្រើន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា តាមរយៈគម្រោងនេះ សាកវប្បករនឹងទទួលបានបច្ចេកទេសទំនើបលើការដាំដុះដំណាំ និងទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព ចូលរួមលើកកម្ពស់ជីវភាពនៅតាមជនបទនៃខេត្តគោលដៅ ជាមួយនឹងដៃគូអភិវឌ្ឍន៍ ជាពិសេសទីភ្នាក់ងារ SDC ដែលបានជួយឧបត្ថម្ភគាំទ្រថវិកាសម្រាប់អនុវត្តគម្រោងដោយបានប្រែក្លាយពីតំបន់គ្មានផលិតបន្លែមកជាតំបន់ផលិតបន្លែសុវត្ថិភាពគំរូសម្រាប់ផ្គត់ផ្គង់ទីផ្សារ។

ឯកឧត្តមបានមានប្រសាសន៍ថា៖«ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចម្បង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងបន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជា កាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ»។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម ងិន ឆាយ បានឱ្យដឹងថាគម្រោង CHAIN មានរយៈពេល 8ឆ្នាំ (2014 – 2022) ដែលមានថវិកាសរុប 10លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន04 គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ដោយជ្រើសរើសតំបន់ដាច់ស្រយាល និងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាម ដែលតំបន់នោះភាគច្រើនខ្វះហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជូនមានតំលៃថ្លៃ ខ្វះប្រភពទឹកនៅរដូវប្រាំង និងកម្រិតវប្បធម៌របស់ប្រជាជនមានកម្រិតទាប។
ក្នុងរយ:ពេល 6 ឆ្នាំកន្លងមកនេះ គម្រោងបានកែប្រែកសិករជិត 10,000គ្រួសារពីការធ្វើស្រែតែមួយមុខមកប្រកបរបរដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញសម្រាប់ផ្គត់ផ្គង់ទីផ្សារដោយជ្រើសរើសស្ត្រីជាគោល។ គម្រោងបានផ្តោតជាសំខាន់លើខ្សែសង្វាក់តម្លៃនៃសាកវប្បកម្មក្នុងខេត្តគោលដៅទាំងអស់ និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រត្តិបត្តការក្នុងការអនុវត្តគម្រោងខាងលើ ដើម្បីបង្កើនផលិតកម្មបន្លែ និងផ្លែឈើសុវត្ថិភាព ធានាបាននិរន្តរភាពនៃប្រាក់ចំណូល និងអាជីពប្រចាំគ្រួសារ បង្កើតការងារ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ សមស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ2019-2023 ដែលបានកំណត់ច្បាស់នូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕