ទម្លាប់គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ ធ្វើឱ្យគោលដៅឆាប់សម្រេចដូចក្តីប្រាថ្នា
ភ្នំពេញ ៖ មនុស្សគ្រប់រូបមានពេលវេលាជាក់លាក់បំផុតម្ភៃបួនម៉ោងស្មើគ្នាក្នុងមួយថ្ងៃ។ ទន្ទឹមគ្នានេះម្នាក់ៗ អាចអនុវត្តសកម្មភាពប្រចាំខុសៗគ្នា ក៏អាស្រ័យលើពេលវេលា និងរៀបចំពេលវេលាឱ្យសមស្របបម្រើប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ គុណតម្លៃរបស់ពេលត្រូវបានកំណត់ជាសុភាសិតថា “ពេលវេលាជាមាសប្រាក់” ដោយសារតែពេលវេលានេះ អាចញ៉ាំងឱ្យបុគ្គលធ្វើកិច្ចការជោគជ័យជាច្រើនក្នុងសកម្មភាពរស់នៅ។ តើធ្វើបែបណាដើម្បីគ្រប់គ្រងពេលវេលាបានល្អ?
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា “បុគ្គលិកនិងមនុស្សដែលមិនមានប្រសិទ្ធភាព តែងបណ្តោយឱ្យពេលវេលាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ រំលងផុតទៅជាមួយនឹងភាពខ្ជីខ្ជា និងរញ៉េរញៃ។ ពួកគេតែងតែបណ្តោយឱ្យពេលវេលាទំពារស៊ីជីវិតទៅទាំងឥតន័យ ដោយផ្តេកផ្តួលជាមួយនឹងភាពងាយស្រួល ការកម្សាន្តដែលមិនចំណេញដល់ជីវិត ឬចំណាយពេលវេលាច្រើនជ្រុលជាមួយនឹងបណ្តាញសង្គមជាដើម…”។
ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាព និងគុណភាពជីវិតកើតឡើងបានអាស្រ័យលើការរៀបចំពេលវេលាច្បាស់លាស់ និងអនុវត្តឱ្យបានហ្មត់ចត់ទៅលើការងារ ឬការសិក្សា។ លើសពីនេះ ត្រូវចេះប្រើប្រាស់ពេលវេលារីករាយជាមួយក្រុមគ្រួសារ ដូចជាអានសៀវភៅជុំគ្នា ឬទទួលទានអាហារជួបជុំជាដើម។ “មកដល់កន្លែងធ្វើការ អ្នកមានផលិតភាពការងារ គេដឹងច្បាស់ថា គេត្រូវធ្វើអ្វីពិតប្រាកដនៅថ្ងៃនេះ ដោយសារគេបានរៀបចំផែនការកាលពីម្សិលមិញច្បាស់លាស់រួចជាស្រេច” ឧកញ៉ា ប៉ិច បូឡែន ។
និយាយពីឃ្លា “ពេលវេលាជាមាសប្រាក់” កញ្ញា ទេព អរុណវតី ជាអ្នកផលិតមាតិកាវីដេអូលើយូធូប (Youtuber) យល់ថា រៀបចំពេលវេលាឱ្យបានល្អជាចំណុចគន្លឹះនៃជោគជ័យការងា។ “ខ្ញុំត្រូវរៀបចំកាលវិភាគសម្រាប់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើរឿងណាចាំបាច់មុនគេ។ ពេលគ្រប់គ្រង់ពេលវេលាខ្លួនឯងឱ្យបានល្អ ខ្ញុំឆាប់សម្រេចគោលបំណង និងធ្វើឱ្យជីវិតកាន់តែមានតុល្យភាពថែមទៀត”។
ស្រដៀងគ្នានេះដែរ លោក អ៊ឹង ម៉េងគង់ ជានិស្សិតឆ្នាំទី៤ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា “រាល់ថ្ងៃខ្ញុំជានិស្សិតដែលកំពុងរៀនផង និងធ្វើការងារក្រៅម៉ោងផង អីចឹងហើយខ្ញុំពិតជារវល់ខ្លាំង ប៉ុន្តែខ្ញុំបែងចែកពេលវេលាបានត្រឹមត្រូវ”។
និស្សិតរូបនេះបង្ហាញបទពិសោធផ្ទាល់ថា រៀងរាល់ព្រឹកត្រូវចំណាយពេលសិក្សានៅសាលា ពេលរសៀលធ្វើការ ចំណែកពេលចុងសប្តាហ៍ហាត់កីឡា និងជួបជុំក្រុមគ្រួសារឱ្យបានទៀងទាត់។ “បែងចែកពេលវេលាបែបនេះ បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ” លោក អ៊ឹង ម៉េងគង់។
ជារួមមកឥរិយាបថគ្រប់គ្រងពេលវេលាតាមបែបសាមញ្ញៗប្រចាំថ្ងៃទាំងអស់នេះ នឹងក្លាយជាទម្លាប់គ្រប់គ្រងសកម្មភាពដ៏ល្អក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តាំងចិត្តផ្តល់តម្លៃលើពេលវេលា អាចឆ្លុះបញ្ជាំងពីសមត្ថភាពបំពេញការងារ វិន័យផ្ទាល់ខ្លួន ព្រមទាំងចាត់ចែងសកម្មភាពនានាមានប្រសិទ្ធភាពបំផុត៕