ផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ វត្តមានកុមារដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប និងតាមទីសាធារណៈផ្សេងៗនៅរាជធានីភ្នំពេញ បានបង្កើតចំណោទរារែកក្នុងចិត្តមួយដល់អ្នកមានបំណង់ផ្តល់ទានជួយសង្គ្រោះកុមារទាំងនោះ ថាតើគួរផ្តល់ទាន ឬផ្តល់លុយកាក់ឱ្យពួកគេដែរឬទេ? ប្រសិនបើជួយពេលនេះ ដូចផ្តល់ឱកាសឱ្យកុមារអនាថាមានទឹកចិត្តដើរសុំទានបន្ត បើមិនឱ្យតើពួកគេនឹងទៅជាយ៉ាងណា? ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា “ឱ្យលុយដល់កុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដនោះទេ”។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា “ផ្តល់ទានទៅកាន់មនុស្សដែលកំពុងខ្វះខាតពិតជាត្រឹមត្រូវ ! តែបើធ្វើទានទៅហើយបង្កើនទម្លាប់អាក្រក់ដល់កុមារសុំទាន វាកំពុងធ្វើបាបក្មេងទៅវិញទេ ហើយទង្វើនោះមានផលអវិជ្ជមានច្រើនជាងវិជ្ជមាន”។

ជុំវិញដំណោះស្រាយបញ្ហាខាងលើនេះ លោក ឈួរ សុបញ្ញា បានបន្តទៀតថា សាធារណជនត្រូវពិចារណាច្បាស់លាស់ មុននឹងឱ្យលុយទៅកុមារសុំទាន។ “មុននឹងផ្តល់លុយឱ្យកុមារ សូមពិចារណាសិន ! ខ្លាចក្រែងមានអ្នកនៅពីក្រោយក្មេងៗទាំងនោះ ជួនកាលមានអាណាព្យាបាល ឬជនខិលខូចមួយចំនួនប្រើប្រាស់ក្មេងឱ្យដើរសុំទាន ហើយក្មេងៗទាំងនោះបានលុយតិចតូចបំផុតពីលុយដែលពួកគេសុំបានហ្នឹង”។

លោក ឈួរ សុបញ្ញា បានបញ្ជាក់ត្រង់ចំណុចនេះថា ប្រសិនបើគ្រប់គ្នាគិតដល់រូបភាពអាក្រក់នៃការរំលោភបំពានលើកុមារ ត្រូវចូលរួមបញ្ឈប់សកម្មភាពឱ្យលុយជាទានទៅក្មេងសុំទាននៅតាមផ្លូវបន្តទៅទៀត។ លទ្ធផលនៃសេចក្ដីស្រលាញ់ និងរូបភាពអាណិតអាសូរទាំងនោះ បង្កើតផលអវិជ្ជមានជាច្រើននៅក្នុងសង្គម។ កុមារសុំទានតាមដងផ្លូវនៅកម្ពុជាមិនទទួលបានការអប់រំឡើយ ប្រសិនបើដាក់ទានឱ្យពួកគេនៅថ្ងៃនេះ។ 

សូមបញ្ជាក់ថា កន្លងទៅនាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច បានចាត់ទុកសកម្មភាពនិងរូបភាពកុមារសុំទានតាមទីសាធារណៈផ្លូវ ជាសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារដោយបង្ខំពីអាណាព្យាបាល និងក្រុមជនខិលខូចមួយចំនួន។ ក្រសួងសង្គមកិច្ច តាមរយៈនាយកដ្ឋានសុមាលភាពសង្គម បានសហការជាមួយសមត្ថកិច្ច ចាប់បានមេខ្លោងការជួញដូរកម្លាំងពលកម្មកុមារជាបន្តបន្ទាប់ និងបានផ្ដន្ទាទោសតាមច្បាប់។

បច្ចុប្បន្នអាត្រាជនអនាថានៅកម្ពុជា ហាក់ថយចុះដោយសារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំបញ្ចូនពួកគេទៅស្នាក់នៅតាមមណ្ឌលថែទាំនិងស្តារនីតិសម្បទា ប៉ុន្តែជារឿយៗវត្តមានកុមារសុំទាននៅតាមទីសាធារណៈនៅតែមានតាមរូបភាពលួចលាក់ពីសមត្ថកិច្ច៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner