ក្រសួងសង្គមកិច្ច រៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រៀបចំបើកសិក្ខាសាលាពិ គ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។

លោក ញឹក វណ្ណារ៉ា ដឹងថា អំពើជួញដូរមនុស្សបាននិងកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពភាគច្រើនជា ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្ម បានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់និងពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឲ្យបានជា អតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុង កិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

លោកបានបន្តថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ កកិច្ចការពារ និងការផ្តល់សេវាដល់ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រ សម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។

បន្ទាប់ពីក្រសួងសង្គមកិច្ចបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គសម្រាប់អនុវត្តទាំង នៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយសុវត្ថិភាព ពិសេស ធានាបាននូវជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតូបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបាន សិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ដោយជោគជ័យជាស្ថាពរ ទទួលបានកា រឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេសសេវាសុខភាព សេវាអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវ កិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។

ដោយក្រសួងសង្គមកិច្ចបានយល់ឃើញថា គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពី កិច្ចការពារសិទ្ធិរបស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ត្រូវបានដាក់ឲ្យអនុវត្តអស់រយៈពេលជាង ១០ ឆ្នាំរួចមក ក្រសួងបានសហការជាមួយ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការដៃគូពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ឯកសារនេះ ដើម្បីឲ្យឯកសារនេះមានសង្គតភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។

លោករដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីពង្រឹងប្រសិទ្ធភាពថែមទៀតនៃកិច្ចការពារសិទ្ធិ និងការគាំទ្រដល់ជនរងគ្រោះ កម្ពុជាត្រូវពិនិត្យឡើងវិញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើ ជួញដូរមនុស្សដែលបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៩ ហេតុនេះ ក្រសួងត្រូវការមតិ និងយោបល់ដែលមាន លក្ខណៈចូលរួម មានន័យថា ការកែសម្រួលឯកសារនេះត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធនានា ដោយរួមមាន ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងភ្នាក់ងារអង្គការសហប្រជាជាតិ នៅគ្រប់ដំណាក់កាលនៃការកែសម្រួល។

សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវ លទ្ធផលនៃការវាយតម្លៃទៅលើការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះ ដោយអំពើជួញដូរមនុស្សរបស់អង្គការដៃគូអភិវឌ្ឍ និងប្រមូលយោបល់ និងធាតុចូលសម្រាប់កែសម្រួលលើ គោលនយោបាយ និងបទដ្ឋានអប្បបរមា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner