ឥទ្ធិពលកូវីដ-19 ធ្វើឱ្យមានកំណើនអ្នកជិះកង់កាន់តែច្រើននៅជុំវិញពិភពលោក

អត្ថបទដោយ៖
ស៊ុន លី

ការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-19 មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដើរថយក្រោយនោះទេ វាក៏បានឆក់យកជីវិតមនុស្សប្រមាណជាងពីរលាននាក់ និងមានអ្នកឆ្លងជាង 99 លាននាក់ គិតត្រឹមយប់ថ្ងៃអាទិត្យ ខែមករា ឆ្នាំ2020។ ក្រៅពីនេះកូវីដ-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ ប៉ុន្តែទន្ទឹមនឹងការប្រឈមដ៏លំបាកនេះ ការស្រាវជ្រាវថ្មីមួយចេញផ្សាយដោយ WEForum បានឱ្យដឹងថា ឥទ្ធិពលកូវីដ-19 កំពុងធ្វើឱ្យមនុស្សជាច្រើននៅទូទាំងសកលលោកងាកទៅចាប់អារម្មណ៍កង់ជាមធ្យោបាយធ្វើដំណើរ និងជិះកង់ហាត់ប្រាណកាន់តែច្រើនឡើង។

ទិន្នន័យបង្ហាញដោយសហព័ន្ធអ្នកជិះកង់របស់អ៊ឺរ៉ុបចុងក្រោយនេះ បានឱ្យដឹងថា ដោយសារតែមានកំណើនជិះកង់ខ្លាំងបែបនេះ អ៊ឺរ៉ុបទាំងមូលបានចំណាយលុយប្រមាណជា 1 ពាន់លានអ៊ឺរ៉ូ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាសម្រួលដល់ប្រជាជន ចាប់តាំងតែពីពេលបញ្ហាកូវីដ-19 ផ្តើមរាតត្បាត។

មូលហេតុនាំមានកំណើនមនុស្សជិះកង់ខ្ពស់នេះ ដោយសារកូវីដបានបង្ខំមនុស្សឱ្យគេចចេញពីការធ្វើដំណើរដោយមធ្យោបាយសាធារណៈនានា រួមទាំងរថយន្តក្រុង និងរថភ្លើងជាដើម។ ជាលទ្ធផលប្រទេសជាច្រើនបានងាកមកវិនិយោគផ្លូវសម្រាប់អ្នកជិះកង់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-19 និងក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍។

ប្រទេសហ្វាំងឡង់បានបានចំណាយលុយច្រើនជាងបណ្តាប្រទេសទាំងអស់ក្នុងតំបន់អ៊ឺរ៉ុប ប្រមាណជាថ 7.76 លានអ៊ឺរ៉ូក្នុងពលរដ្ឋម្នាក់ៗបន្ទាប់មកមានប្រទេសអ៊ីតាលី បារាំង និងអង់គ្លេស ខណៈនៅអាមេរិកចំនួនលក់កង់កើនឡើងដល់ទៅ 121 ភាគរយ។ តាមការស្រាវជ្រាវរកឃើញថា ពលរដ្ឋអាមេរិកជាង 85 ភាគរយយល់ថា ជិះកង់មានសុវត្ថិភាពជាងមធ្យោបាយធ្វើដំណើរសាធារណៈក្នុងអំឡុងពេលជំងឺកូវីដរាតត្បាត។

ដោយឡែកនៅប្រទេសមិកស៊ិកូវិញ រដ្ឋាភិបាលបានចំណាយលុយយ៉ាងច្រើនសាងសង់ផ្លូវធ្វើដំណើរសម្រាប់អ្នកជិះកង់ ប្រវែងរហូតទៅដល់ 54 គីឡូម៉ែត្រ។ ចំណែកប្រទេសប៊ូហ្គោតាវិញ រដ្ឋាភិបាលបានបន្ថែមផ្លូវសម្រាប់កង់ដល់ទៅ 80 គីឡូម៉ែត្រដោយសង្ឃឹមថា ស្វាគមន៍អ្នកធ្វើដំណើរតាមកង់រហូតទៅដល់ 1 លាននាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-19 ជិះកង់មិនត្រឹមតែអាចកាត់បន្ថយការជួបជុំគ្នានៅតាមទីសាធារណៈនោះទេ វាថែមទាំងអាចជួយដល់សុខភាពផ្លូវការ និងផ្លូវចិត្តបានទៀតផង។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពនេះ នឹងអាចចូលរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស ព្រមទាំងជួយដល់បរិស្ថាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner