ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង ត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យ វឌ្ឍនភាពការងាររបស់ អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ នៅទីស្តីការក្រសួង ។

មានប្រសាសន៍ លេីកឡេីងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់នូវវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ទាក់ទងនឹងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្រៅពីនោះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏បានវាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែង របស់អនុគណៈកម្មការ រៀបចំធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈាន ដល់ដំណាក់កាលបញ្ចប់ ក្នុងពេលឆាប់ៗនេះ។ ជាមួយនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី និងអង្គប្រជុំទាំងមូល ក៏បានស្ដាប់នូវ របាយការណ៍ វឌ្ឍនភាព របស់អនុគណៈកម្មការដទៃទៀត រួមមានអនុគណៈកម្មការទទួលបន្ទុក សេចក្ដីព្រាងច្បាប់ ស្ដីពី កិច្ចសន្យាពាណិជ្ជកម្ម ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត សេចក្ដីព្រាង វិសោធនកម្មច្បាប់ ស្ដីពី ប្រតិបត្តិការដែលមានកិច្ចធានា និងច្បាប់ស្ដីពីក្ស័យធន សេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម សេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី កម្មសិទ្ធិបញ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីភ្នាក់ងារពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនជូនដល់អនុគណៈកម្មការទាំងអស់ ដើម្បីអនុវត្ត និងសម្រេចឲ្យបាននូវគោលដៅតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ក្រោមវិស័យពាណិជ្ជកម្មរបស់កម្ពុជាឱ្យកើនឡើង និងមានភាព ទំនើបមួយជំហានទៀត ក៏ដូចជាបំពេញកាតព្វកិច្ចការធ្វើកំណែទម្រង់ច្បាប់ របស់កម្ពុជា នៅក្រោមកិច្ចព្រមព្រៀង អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងដទៃទៀតដែលកម្ពុជាជាហត្ថលេខី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner