លោក ដូណាល់ ត្រាំ ព្រមានក្រុងហុងកុងថា នឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនរើសយកច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

សហរដ្ឋអាមេរិក៖ ក្រុងហុងកុងនឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនជាច្បាប់ស្ដីពីសន្តិសុខជាតិថ្មីរបស់ចិន ត្រូវបានដាក់ឱ្យអនុវត្តលើទីក្រុងស្វយ័តមួយនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។

ការព្រមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យសេតវិមាន លោកស្រី ខេយឡេក ម៉ាកអ៊ីណានី នាថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ហើយថែមទាំងសន្យាទៀតថា សហរដ្ឋអាមេរិកធ្វើការឆ្លើយតបនឹងនាប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ ច្បាប់ស្ដីពីសន្តិសុខសម្រាប់ទីក្រុងហុងកុង ត្រូវបានស្នើឡើងដោយប្រទេសចិន មានគោលដៅទប់ស្កាត់សកម្មភាពទាមទារឯករាជ្យ អបគមន៍ ភេរវកម្ម និងការលូកដៃចូលកិច្ចការផ្ទៃក្នុងពីបរទេស ។

ទន្ទឹមគ្នា ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង ខណៈ នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ បានច្រានចោលរាល់ការព្រួយបារម្ភទាំងឡាយចំពោះច្បាប់នេះ ដ្បិតវានឹងមិនធ្វើឱ្យបំផ្លាញសេរីភាពអ្វីទាំងអស់ ហើយគ្រប់គ្នាគួររង់ចាំមើលសេចក្តីលម្អិតនៅក្នុងច្បាប់នោះជាមុនសិន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner