កម្មករ១៦នាក់ រងរបួសធ្ងន់ស្រាល បង្កដោយរថយន្តដឹកជ្រូក បេីកលឿនជ្រុលបុករថយន្តដឹកកម្មករ ពីក្រោយ និងរុញទៅបុករថយន្តហាយឡិនឌ័រ បន្ថែម នៅស្តុបបាគូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង ១០នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរ៉េដឹកកម្មករ ត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹង ហេីយរុញទៅបុករថយន្តហាយឡិនឌ័របន្ថែមនៅចំណុចស្ទុបបាគូ ផ្លូវ ២១៧ កែងនឹងផ្លូវ ក្រវាត់ក្រុង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង ៦​ នឹង៣០នាទី  ព្រឹកថ្ងៃទី២៧  ខែឧសភា  ឆ្នាំ២០២០ នេះ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើកតាមដល់ផ្លូវ៥០ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀត ដឹកកម្មករមកពីក្រោយក៏ឈប់បន្តកន្ទុយគ្នា បន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ កណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿង បើកមកពីក្រោយក្នុងល្បឿនលឿនជ្រុល មកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹង ហេីយរថយន្តកូរ៉េដឹកកម្មករ បន្តទៅបុករថយន្តហាយឡិនឌ័រ រួចក៏រេចង្កូតទៅប៉ះជាមួយនឹងបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យកម្មករប្រុសស្រី១៦នាក់រងរបួសធ្ងន់និងស្រាល ។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ ។

បេីតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០ នាក់តែព្រឹកនេះគឺមានតែ២៥ នាក់ទេដោយសារតែ៥ នាក់ទៀតបានជិះម៉ូតូជាមួយជាមួយបងប្អូន។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះទៅធ្វេីការវាស់វែងយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ ៕ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner