ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំបណ្តាញសង្គមអភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ «ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន»

សៀមរាប ៖ ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំបណ្តាញសង្គមអភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ «ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន» នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការតំបន់ការពារទេសភាពអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងសមាជិក បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប

តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺ ៖
១ – ជម្រើសមុខរបរផ្សេងៗ ក្នុងបរិបទនៃការការប្រែប្រួលអាកាសធាតុ
២ – ចែករំលែកព័ត៌មាន និងបទពិសោធន៍នានាទាក់ទងការលើកកម្ពស់ជីវភាពសហគមន៍
៣ – រៀបចំយុទ្ធសាស្រ្ត សម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកស្រង់ពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ឯកឧត្តម បានបន្ថែមថា សមាជិកបណ្តាញ អាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។

គួររំលឹកថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួងបរិសា្ថន បានរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន សម្របសម្រួលរៀបចំបង្កើតបណ្តាញសហគមន៍មូលដ្ឋាន៣កម្រិត ១. សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់ជាតិ» ២.បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់» (តំបន់ខាងត្បូងបឹងទន្លេសាប តំបន់ខាងជើងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) និង៣.សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់ការពារធម្មជាតិ» ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតនៅមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ។ សន្និបាតលើកទី១ ស្តីពី «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីកំណត់នូវយុទ្ធសាស្រ្ត ដោះស្រាយ លើបញ្ហានានាដែលកំពង់កើតមាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដូចជាបញ្ហាកាប់រានដីព្រៃ គណៈកម្មការមិនទាន់យល់ពីតួនាទីក្នុងការអនុវត្តកិច្ចការងារបណ្តាញ ធនធានថវិកាគាំទ្រសកម្មភាពបណ្តាញនៅថ្នាក់មូលដ្ឋាន។

ជាលទ្ធផល កិច្ចប្រជុំបានដាក់ចេញជាផែនការសកម្មភាពការងារចំនួន ៤ ចំណុចដូចខាងក្រោម៖
១ រៀបចំកិច្ចពិភាក្សាបញ្ហាពន្ធលើផលអនុផលព្រៃឈើ ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ធបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២ រៀបចំផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដើម្បីវិធានការណ៍តឹងរឹងលើការដកហូតអនុផលព្រៃដែលមិនមាននិរន្តរភាព ។

៣ ជំរុញការបង្កើតមុខរបរថ្មីៗ ដែលធានាដល់ការផលិតជាក់លាក់ ទៅតាមតំបន់ និងតម្រូវការទីផ្សារ ដោយធ្វើឱ្យមានការចូលរួមតាំងពីចាប់ផ្តើម ពីវិស័យឯកជន ។

៤ ជំរុញការបណ្តុះបណ្តាលជាមូលដ្ឋាន ដល់មគ្គុទេសន៍ទេសចរណ៍ លើលក្ខណៈជីវសាស្ត្រ និងទូទៅពីសត្វព្រៃ និងរុក្ខជាតិសំខាន់ដែលមាននៅតាមតំបន់ការពារធម្មជាតិ ដោយសហការជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធដែលមានបទពិសោធន៍លើការងារនេះ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner