ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមកពីសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ

អត្ថបទដោយ៖
AMS

សុខភាព៖ ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺដាច់សរសៃឈាមខួរក្បាល អាចបណ្តាលមកពីជំងឺលើសឈាម គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម ការពិសារស្រា និងជក់បារីច្រើន។ ជំងឺដាច់សរសៃឈាមខួរក្បាល សំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ នាំឱ្យមានឈាមកកនៅក្នុងខួរក្បាល។

តាមការចុះផ្សាយលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាលម៉ែតបានឱ្យដឹងថា ផលវិបាកនៃការដាច់សរសៃឈាមខួរក្បាលធ្វើឱ្យអ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះដោយការសង្កត់នៃដុំឈាម។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬពេលវេលាណាមួយ បើដុំឈាមានទំហំធំកើនឡើងសម្ពាធឈាមក្នុងខួរក្បាល។

ចំណែករោគសញ្ញានៃជំងឺនេះ រួមមានឈឺក្បាលខ្លាំង (ភ្លាមៗ) មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន ដៃ ជើង ឬមុខ) ពេលខ្លះអ្នកជំងឺវង្វេងស្មារតី ឬសន្លប់ក៏មាន។

មន្ទីរពេទ្យបានបញ្ជាក់ថា មូលហេតុនៃជំងឺដាច់សរសៃឈាមខួរក្បាលភាគច្រើនបណ្តាលមកពីជំងឺលើសឈាម (60-70%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម ការពិសារស្រា និងបារីច្រើន។

ការធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់ឱ្យដឹងថា មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ តម្រូវឱ្យធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីគ្រូពេទ្យងាយស្រួលជ្រើសរើសវិធីសាស្ត្រព្យាបាល។

វិធីព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលមានពីររបៀប។ ទីមួយព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់) និងទីពីរ ព្យាបាលដោយការវះកាត់។ ការព្យាបាលដោយប្រើថ្នាំ ដើម្បីគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់ រួមទាំងការសម្រាកនិងដាក់ក្បាលខ្ពស់ 30ដឺក្រេ។ ចំណែកការព្យាបាលដោយការវះកាត់ គោលបំណងយកឈាមចេញ ដើម្បីបន្ថយសម្ពាធតឹងណែននៅក្នុងក្បាលជួយជីវិតអ្នកជំងឺ។

មន្ទីរពេទ្យកាល់ម៉ែតបានឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យមានក្រុមការងារចម្រុះគ្រូពេទ្យឯកទេសផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាល កំពុងទទួលពិគ្រោះ និងព្យាបាលវះកាត់គ្រប់ករណី ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner