ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចូលរួមសិក្ខាសាលាអន្តរក្រសួងស្តីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់ តាមប្រព័ន្ធអនឡាញ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមសិក្ខាសាលាអន្តរក្រសួងស្តីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់ (Virtual Conference on Developing Leadership for Reform) តាមប្រព័ន្ធអនឡាញ (Zoom Platform) ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

សិក្ខាសាលាស្ដីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់ (Virtual Conference on Developing Leadership for Reform) នេះ ត្រូវបានរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ។

នៅក្នុងកិច្ចបើកសិក្ខាសាលា ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការសហប្រតិបត្តិការសម្រាប់សិក្ខាសាលានេះផ្ដោតសំខាន់លើការកសាងសមត្ថភាពថ្នាក់ដឹកនាំ ដើម្បី ប្រើប្រាស់សម្រាប់ការកសាង អភិវឌ្ឍន៍សមត្ថភាពរបស់មន្ត្រីរាជការនាពេលអនាគត ហើយសិក្ខាសាលានេះផងដែរនឹងមានការចែករំលែកទស្សនទាន បទពិសោធន៍ក្នុងការបំពេញអនុវត្តន៍ការងារកន្លងមករបស់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ។ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញទឹកចិត្តឲ្យសិក្ខាកាមបន្តខិតខំពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត ក្នុងការរួមចំណែកធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោកBendict Cheong ប្រធានមូលនិធិ Temasek អន្តរជាតិ បានលើកឡើងថា
មូលនិធិ បានវិនិយោគនៅតំបន់អាស៊ី និងផ្ដល់ការគាំទ្រលើវិស័យជាច្រើន ជាការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ជាពិសេសពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពនៅក្នុងតំបន់ ការលើកកំពស់ការផ្លាស់ប្ដូរក្នុងវិស័យគោលនយោបាយ ការបង្កើនការសហការវាងប្រទេស និងប្រទេស។ លោកបានបន្តថា កម្មវិធីនានារួមទាំងសិក្ខាសាលានេះផងដែរ ដែលមូលធិនិបានផ្ដល់ឲ្យ គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ កិច្ចសហការ ឲ្យកាន់តែមានការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។ បន្ថែមពីនេះលោកបានលើកឡើងថា សិក្ខាសាលានេះ មានសារៈសំខាន់ សម្រាប់បង្កើនសមត្ថភាព ប្រមូលគំនិតយោបល់ផ្សេងផ្ដល់ជូនសិក្ខាកាមជាថ្នាក់ដឹកនាំ ដើម្បីឆ្លើយតបទៅតាមតម្រូវការការងារប្រចាំថ្ងៃ។

គួរបញ្ជាក់ថា សិក្ខាសាលា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែមករា ឆ្នាំ២០២១នេះ មានគោលបំណងដើម្បីឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំមានលទ្ធភាពកាន់តែប្រសើរក្នុងការដឹកនាំមន្ត្រី និងអង្គភាព នៅក្នុងបរិបទដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ននេះ។ សិក្ខាសាលានេះផងដែរ នឹងផ្ដោតសំខាន់លើ៣ផ្នែក រួមមាន៖ ការកសាងរដ្ឋឆ្លាតវៃ តាមការបង្កើត Ecosystem សម្រាប់សេដ្ឋកិច្ចឌីជីថល, ការកសាងរដ្ឋឆ្លាតវៃ តាមការកសាងសង្គមប្រកបដោយបរិយាប័ន្ន, និងការជំរុញនូវនវានុវត្តន៍ក្នុងវិស័យសាធារណៈ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner