ឯកឧត្តម វង្ស៊ី វិស្សុត ថ្លែងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩ ប្រមាណ ២០លាន ដូស សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា ក្នុងនោះ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ

អត្ថបទដោយ៖
ធី ដា

នៅក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯ,ឧ វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា នឹងទទួលបាន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូស ជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ ។

ឯ,ឧ វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូងនេះតាមយន្តការកូវ៉ាក់ ៧លានដូស, ១លាន ដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី ។ ដោយឡែក ៩លានដូស ទៀត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧ លានដុល្លារ។

ឯ,ឧ វង្ស៉ី វិស្សុត បានបន្តថា ប្រទេសកម្ពុជា ជាប្រទេសតូច តែយន្តការចាក់វ៉ាក់សាំងនេះ អាចនឹងមានល្បឿន លឿន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ១៩ ក៏ជាយុទ្ធសាស្ត្រមួយសម្រាប់ ជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញផងដែរ ដោយផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា ៣០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងត្រូវ មកដល់ប្រទេសកម្ពុជា នៅក្នុងខែកុម្ភៈ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទៅ ទទួលវ៉ាក់សាំងនេះ ដល់ព្រលានយន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំងនេះមុនគេផងដែរ។ ទោះបីជាយ៉ាងណា សម្តេច តេជោ បានប្រកាសហើយ ការចាក់វ៉ាក់សាំង នឹងធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំនោះឡើយ ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner