ឯកឧត្តម ស៊ុយ សែម ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរស្ស៊ី ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

កិច្ចពិភាក្សានេះ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ គម្រោងកិច្ចសហប្រតិបត្តិការភូគព្ភសាស្ត្រនិងការអភិវឌ្ឍធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្សី ។ គម្រោងកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលបរមាណូ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ។

សក្តានុពល និងឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យប្រេងនិងឧស្ម័នរួមមាន ការស្វែងរុករក ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត ។ សក្តានុពល និងឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យថាមពលកកើតឡើងវិញរួមមាន ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ការផ្តល់អាហារូបករណ៍ និងគម្រោងកសាងសមត្ថភាពសម្រាប់មន្ត្រីនិងសិស្សនិសិ្សតកម្ពុជា ក្នុងវិស័យថាមពល ប្រេងនិងឧស្ម័ន ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសារទចំពោះសមិទ្ធិផលដ៏អាស្ចារ្យដែលកម្ពុជា ទទួលបានតំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រដល់ការវិនិយោគរុស្សីមកកម្ពុជា ជាពិសេស គឺឱកាសក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner