ម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការពង្រឹង ពង្រីកសម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកង យោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាព ស៊ីវិលគឺ ធ្វើឲ្យវិស័យការពារជាតិ កាន់តែមាន ភាពរឹងមាំថែមទៀត

អត្ថបទដោយ៖
ជា សេឌី

មានប្រសាសន៍បិទអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធ ពល ខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលបានធ្វើឡើង នៅសាលាខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ   មន្ត្រីក្រសួងការពារជាតិ  បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញការងារសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរ ។  ដោយឈរលើស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សាមគ្គីសហការល្អ លើកកម្ពស់ “សិល្បៈនៃការចែករំលែក” ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវប្រឈមនឹងការលំបាកនានា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវមរតកសាសន៍ដ៏មានតម្លៃបំផុតគឺ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគា្រមានអាសន្ន ” “ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ” ហើយមរតកសាសន៍ដ៏មានតម្លៃនេះ បានក្លាយទៅជាកម្លាំងសាមគ្គីជាតិ ជួយឧបត្ថម្ភទំនុកបម្រុងគ្នាជាមហាគ្រួសារខ្មែរ និយាយជារួម និងនិយាយដោយឡែក ចំពោះការងារសម្ព័ន្ធមេត្រីភាពរបស់យើងកន្លងមក ក៏បានប្រព្រឹត្តទៅយ៉ាងសកម្មផុលផុស អនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយលើវិស័យការពារជាតិរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។  សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ថា  ការងារសម្ព័ន្ធមេត្រីភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងពង្រីកពង្រឹងសម្ព័ន្ធភាពនូវទំនុកចិត្ត និង ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន អង្គភាពស៊ីវិលដៃគូក្នុងសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង នៃការកសាងនិងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឲ្យប្រជាជនគ្រប់រូបមានឆន្ទៈ ស្រឡាញ់ប្រទេសជាតិ និងបានបំពេញកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ ។  សម្តេចពិជ័យសេនា ក៏បានធ្វើការក្រើនរំលឹក និងផ្តាំផ្ញើផងដែរ ដល់មេបញ្ជាការគ្រប់កងឯកភាព នៃទិសយោធភូមិភាគទី៤ ត្រូវបន្តនូវប្រពៃណី ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ  ជាមួយបណ្តាក្រសួង អាជ្ញាធររាជធានី ខេត្ត  ស្ថាប័ន អង្គភាព ជាសម្ព័ន្ធមេត្រីភាពរបស់ខ្លួន និង បានលើកនូវអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាប្រទីបក្នុងកិច្ចកសាងអង្គភាព  ព្រមទាំងបានអំពាវនាវដល់ស្ថាប័ន អង្គភាពស៊ីវិលរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុន សហគ្រាស អង្គការសមាគម វិស័យឯកជននិងសប្បុរសជននានា មេត្តាបន្តចូលរួមគាំទ្រ ស្មារតីនៃវប្បធម៌ចែករំលែក ក៏ដូចជាគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ។ បន្តពង្រឹងនិងលើកកម្ពស់ប្រពៃណីល្អនៅក្នុងសម្ព័ន្ធមេត្រីភាព ព្រមទាំងបំផុសអប់រំលើកទឹកចិត្តចលនាមហាជន ប្រជាជន យុវជន ឲ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុ”ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បី ការពារជាតិ” និង ”សន្តិភាពដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីសន្តិភាព” ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner