អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍នៅថៃអាចទទួលបានជំនួយពីរដ្ឋាភិបាលដល់ទៅ 15,000 បាតប្រចាំខែ

បរទេស៖នៅសប្តាហ៍នេះក្រុមប្រឹក្សាជាតិថៃទទួលបន្ទុកកិច្ចការងារទេសចរណ៍ ឬ TCT បានប្រកាសអំពីបំណងក្នុងការបង្កើតកម្មវិធីជំនួយមួយសម្រាប់អ្នកធ្វើការនៅវិស័យទេសចរណ៍នៅក្នុងខែមីនាខាងមុខនេះដើម្បីអាចជួយដល់ពលរដ្ឋរបស់ខ្លួនដែលបានបន្តបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍និងជឿជាក់ថាអាចកើនឡើងទៅដល់ 2 លាននាក់។

លោក Chamnan Srisawat ប្រធាន TCT បានបញ្ជាក់ថាក្រុមប្រឹក្សានឹងចាប់ផ្តើមបង្កើតទិន្នន័យជាមូលដ្ឋានមួយដែលមិនត្រឹមតែអាចវិភាគគ្រប់គ្រង និងជួយស្វែងរកវិធីដោះស្រាយជាច្រើនជូនទៅដល់អ្នកធ្វើការនៅក្នងវិស័យទេសចរណ៍ដោយសារឥទ្ធិពលនៃវិបត្តិកូវីដនោះទេវានឹងអាចជួយការពារការកើនឡើងនៃការបាត់បង់ការងារនៅក្នុងវិស័យនេះបន្ថែមទៀតផងដែរ។

លោកបន្តថាបុគ្គលិកដែលមិនមានការងារធ្វើទាំងនោះត្រូវចុះឈ្មោះជាមួយនឹងកម្មវិធីនេះ ហើយទទួលយកការបណ្តុះបណ្តាលមួយចំនួនដូចជាការបង្កើនជំនាញថ្មីៗ និងអភិវឌ្ឍជំនាញឡើងវិញនៅក្នុងផ្នែកសំខាន់ដូចជា Online Marketing និងការប្រើប្រាស់ភាសាបរទេសជាដើមដោយក្នុងនោះពួកគេនឹងទទួលបានប្រាក់ចំណាយចាំបាច់ប្រចាំថ្ងៃពីគម្រោង។

ក្រៅពីនេះផងដែរពួកគេខ្លះក៏នឹងអាចមានឱកាសក្នុងការទទួលបានការងារពេញសិទ្ធិមួយចំនួនពីអាជីវកម្មផ្នែកទេសចរណ៍ដែលកំពុងមានតម្រូវការបុគ្គលិកដែលនេះនឹងធ្វើឲ្យអ្នកជំនាញទេសចរណ៍មិនចាំបាច់ផ្លាស់ប្តូរអាជីពរបស់គេទៅធ្វើការងារផ្សេងឡើយ។

លោក Srisawat បានពន្យល់ទៀតថារដ្ឋាភិបាលអាចមានលទ្ធភាពក្នុងការការពារការងារក្នុងវិស័យទេសចរណ៍ដោយអនុវត្តគម្រោងទូទាត់ប្រាក់ខែ
ប្រចាំខែរហូតទៅដល់ 15,000 បាត ហើយក្នុងនោះរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភនេះចំនួនពាក់កណ្តាល។

យោងតាមការធ្វើការស្រាវជ្រាវបុគ្គលិកធ្វើការផ្នែកទេសចរណ៍ប្រមាណជា 1.04 លាននាក់ដែលបានបាត់បង់ការងារកាលពីឆ្នាំទៅដោយឡែកក្រុមហ៊ុនទេសចរណ៍ប្រមាណជា 3 ភាគរយបានប្រកាសបិទអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន និងប្រមាណជា 10 ភាគរយទៀតបានប្រកាសបិទអាជីវកម្មជាអចិន្ត្រៃយ៍ដែលមានន័យថា 85 ភាគរយនៅបន្តដំណើរការអាជីវកម្មប៉ុន្តែពាក់កណ្តាលបានកាត់ចំនួនបុគ្គលិកចន្លោះពី 30 ទៅ 40 ភាគរយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner