ចង់ក្លាយជាមនុស្សខ្លាំងគួរអភិវឌ្ឍសមត្ថភាពតាមបែបអក្សរ T
គ្រប់អ្នកសិក្សាទាំងអស់មិនមែនសុទ្ធតែអាចក្លាយជាមនុស្សខ្លាំងនោះទេ វាអាស្រ័យលើវិធីសាស្រ្តក្នុងការយកចំណេះដឹងទៅប្រើប្រាស់ និងមានវិធីសាស្ត្រល្អក្នុងការអភិវឌ្ឍខ្លួនឱ្យត្រូវនឹងបរិបទជាក់ស្តែងក្នុងការរស់នៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលអាចមានសមត្ថភាពខ្លាំង និងធ្វើការងារចម្រុះវិស័យបាន លុះត្រាតែយើងចេះអភិវឌ្ឍខ្លួនតាមបែបអក្សរ T។ ឯកឧត្តមថា អក្សរ T បញ្ជូលគ្នារវាងធាតុផ្សំសំខាន់ពីរគឺរបារខាងលើ និងបង្គោលត្រង់ពីក្រោម។ ប្រសិនបើប្រៀបធៀបមកមនុស្សវិញ គឺត្រូវមានចំណេះដឹងសំខាន់ៗពីរផ្នែកដូចគ្នា ដែលរបារខាងលើប្រៀបបានទៅនឹងចំណេះដឹងទូទៅ និងបង្គោលខាងក្រោមគឺជាចំណេះដឹងគោលជាក់លាក់ដែលយើងត្រូវពង្រឹងឱ្យខ្លាំង។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «ដើម្បីក្លាយជាមនុស្សដែលគេត្រូវការ និងមានតម្លៃគ្រប់កាលៈទេសៈយើងត្រូវចេះទាំងចំណេះដឹងគ្រឹះឱ្យរឹងមាំមួយ និងមានជំនាញទូទៅឱ្យទូលំទូលាយ»។
ឯកឧត្តមបានលើកឡើងផងដែរថា ក្នុងនាមជាអ្នកសិក្សា យើងគួរមានជំនាញឱ្យបានច្បាស់លាស់មួយ ដែលមានទាំងបទពិសោធន៍ និងការយល់ឃើញស៊ីជម្រៅរហូតអាចបំបែកជាគំនិតនវានុវត្តន៍ ឬប្រើប្រាស់បានល្អបំផុត។ បន្ទាប់មកយើងអាចបន្ថែមសមត្ថភាពចំណេះដឹងទូទៅ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើការងារឱ្យបានជាពិហុវិស័យ។ ជាក់ស្តែងឯកឧត្តមបានបញ្ជាក់ថា ជំនាញដើមរបស់ឯកឧត្តមគឺ ផ្នែកសាធារណការ និងដឹកជញ្ជូន តែក្រោយមកឯកឧត្តមធ្វើការងារជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ដោយសារតែឯកឧត្តមមានចំណេះដឹងទូទៅច្រើនដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅលើការងារដែលកំពុងគ្រប់គ្រង។ ហេតុនេះ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬតួនាទីណាក៏ដោយ យើងគ្រប់គ្នាគួរបន្តពង្រឹងសមត្ថភាពទាំងជំនាញ និងផ្នែកទូទៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕