ទីផ្សារការងារនៅសិង្ហបុរីបង្ហាញសញ្ញាកើនឡើងវិញក្រោយអត្រាអ្នកអត់ការងារធ្វើបន្តធ្លាក់ចុះ
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលី CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ទីផ្សារ
ការងាររបស់ប្រទេសសិង្ហបុរីបានបង្ហាញសញ្ញាកើនឡើងវិញជាថ្មីធៀបទៅនឹងតួលេខកាលពីត្រីមាសចុងក្រោយ
កាលពីឆ្នាំ2020 ហើយជឿជាក់ថាចំនួននៃអ្នកអត់ការងារធ្វើនៅក្នុងខែធ្នូកន្លងទៅនៅតែបន្តធ្លាក់ចុះ ជាពិសេស
ពលរដ្ឋក្នុងស្រុកកំពុងទទួលបានការងារវិញកាន់តែច្រើនឡើង។
យោងតាមការទិន្នន័យដែលត្រូវបានចេញផ្សាយដោយក្រសួងទទួលបន្ទុកកិច្ចការងារធនធានមនុស្សនៃប្រទេសបានបង្ហាញថា ចំនួននៃអ្នកអត់ការងារបានធ្លាក់ចុះក្នុងរយៈពេល 2 ខែចុងក្រោយបន្តបន្ទាប់គ្នាសរុបដោយនៅក្នុងខែធ្នូបានធ្លាក់ចុះមកត្រឹមតែ 3.2ភាគរយខណៈដែលតួលេខសម្រាប់ខែវិច្ឆិកាមាន 3.3 ភាគរយ។
ដោយឡែកតួលេខសម្រាប់តែពលរដ្ឋសិង្ហបុរីនិងពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ដែលអត់ការងារធ្វើបានធ្លាក់ចុះមកត្រឹមតែ 4.4 ភាគរយធៀបទៅនឹងតួលេខកាលពីខែវិច្ឆិកា 4.6 ភាគរយ ហើយសម្រាប់អ្នកដែលចូលសញ្ជាតិវិញក៏ធ្លាក់ចុះពី 4.5 ភាគរយដែរសម្រាប់ខែធ្នូពី 4.7 ភាគរយកាលពីខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក្តីតួលេខដដែលក៏បានបង្ហាញទៀតដែរថាអត្រាអ្នកអត់ការងារធ្វើជាមធ្យមសម្រាប់ឆ្នាំ2020 គឺមានចំនួនកើនឡើងធៀបទៅនឹងអត្រាកាលពីឆ្នាំ 2019 ពោលគឺពី 2.3 ភាគរយមកដល់ 3.0 ភាគរយប៉ុន្តែសម្រាប់ឆ្នាំ2020 នេះអត្រាអ្នកអត់ការងារធ្វើគឺមានកម្រិតអាក្រក់ដូចទៅនឹងអត្រាអ្នកអត់ការងារកាលពីសម័យជំងឺរាតត្បាតសារ SARS កាលពីឆ្នាំ2003 និងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ2009 នៅឡើយ៕