លោក គីម ដារ៉ា៖ រៀនពីចំណុចបរាជ័យរបស់ខ្លួនឯងនិងអ្នកដទៃ ជាឈ្នាន់ឆ្ពោះទៅរកភាពជោគជ័យ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ មនុស្សគ្រប់គ្នាព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យ ប៉ុន្តែនៅពេលដែលពួកគេជួបបញ្ហាឬបរាជ័យបែរជាខកចិត្តខ្លាំង ហើយអាចនឹងបោះបង់គោលដៅរបស់ខ្លួនផងក៏មាន។ ប៉ុន្តែការបរាជ័យមិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ ​វាជាមេរៀននិងបទពិសោធនៃជីវិតឈានទៅរកភាពជោគជ័យ។

ស្ថាបនិកស្ថាប័នអប់រំ Start Up Cambodia លោក គីម ដារ៉ា ធ្លាប់បរាជ័យនៅពេលប្រឡងថ្នាក់អនុវិទ្យាល័យបាននិយាយពីបទពិសោធផ្ទាល់ខ្លួនថា៖“ខ្ញុំប្រឡងធ្លាក់នៅថ្នាក់ទីប្រាំបួន (មធ្យមសិក្សាបឋមភូមិ) នេះហើយហៅការបរាជ័យបណ្ដោះអាសន្នរបស់ខ្ញុំ​​… ពេលនោះបើជាខ្ញុំបោះបង់ ខ្ញុំជាមនុស្សបរាជ័យពិតប្រាកដហើយ ប៉ុន្តែខ្ញុំព្យាយាមខំប្រឹងរៀនឡើងវិញ​ ខ្ញុំប្រឡងជាប់ហើយក៏ក្លាយជាសិស្សពូកែទៀតផង។ បទពិសោធប្រឡងធ្លាក់នេះ ជំរុញឱ្យខ្ញុំបង្កើតសាលារៀន Start Up Cambodia ឡើង ដើម្បីជួយទៅដល់សិស្សខ្សោយក្នុងការពង្រឹងសមត្ថភាពពួកគាត់”។

លោក គីម ដារ៉ា បានបន្តថា នៅពេលដែលមនុស្សជួបរឿងបរាជ័យនៅក្នុងជីវិត ត្រូវព្យាយាមខិតខំប្រឹងប្រែង ទោះជាខកបំណងច្រើនដងក៏ដោយ ហើយបទពិសោធទាំងនោះជាស្ពានឈានទៅរកជោគជ័យដូចបំណងប្រាថ្នា។

“បើយើងបោះបង់ហើយឈប់ធ្វើវានោះ ទើបគេហៅថាអ្នកបរាជ័យពិតប្រាកដ ហើយការបរាជ័យដែលយើងមិនបោះបង់ ធ្វើវាបន្តរហូត នោះហៅថាការបរាជ័យបណ្ដោះអាសន្ន” លោក គីម ដារ៉ា។

ស្ថាបនិកសាលារៀន Start Up Cambodia រូបនេះបញ្ជាក់ថា “នៅពេលដែលយើងបរាជ័យ ត្រូវតែយកខ្លួនឯងមើលទៅដល់បុគ្គលល្បីៗថា ពួកគាត់បានឆ្លងកាត់រឿងបរាជ័យច្រើនរាប់ដោយរបៀបណា… ព្យាយាមកែកំហុសរបស់ខ្លួន កុំខ្លាច ហើយចាប់ផ្ដើមប្រឹងប្រែងបន្ត មិនត្រូវបោះបង់ចោលគោលដៅរបស់ខ្លួនឡើយ”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner